(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានប្រកាសពីការអនុញ្ញាតឲ្យក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំរុស្ស៊ីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឡើងវិញ បើទោះបីជាសង្រ្គាមរវាងប្រទេសក្បែរខាងគ្នា គឺរុស្ស៊ី និងអ៊ុយក្រែនមិនទាន់បញ្ចប់ក៏ដោយ។

សហព័ន្ធសាម៉ីខាងលើនេះបានសង្កត់ធ្ងន់ថា ក្រុមក្មេងៗមិនគួរណាមកជាប់បម្រាមដែលបង្កឡើងដោយមនុស្សចាស់នោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយ UEFA និងត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នោះបានឲ្យដឹងថា «បាល់ទាត់ ពុំដែលបោះបង់ក្នុងការបញ្ជូនសារ សេរីភាព និងក្តីសង្ឃឹមទៅកាន់ពិភពលោកឡើយ»

នេះមានន័យថា ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរុស្ស៊ី (U-17) ផ្នែកបុរស នឹងមានសិទ្ធិចូលរួមប្រកួតពានអឺរ៉ុប European Championship សម្រាប់ជុំចុងក្រោយនាឆ្នាំក្រោយនៅប្រទេសសាយប្រឺស និងក្រុមស្រ្តីរុស្ស៊ីចូលរួមប្រកួតពានថ្នាក់តំបន់នេះនៅប្រទេសស៊ុយអែត នាខែឧសភា ឆ្នាំ២០២៤។

វាមានរយៈពេល ១៩ខែមកហើយដែល UEFA បានសម្រេចដកបញ្ឈរជើងរុស្ស៊ី ពីការចូលរួមប្រកួតពានផ្សេងៗ គិតចាប់តាំងពីប្រទេសមហាអំណាចសព្វាវុធមួយនេះ បានបើកប្រតិបត្តិការចូលឈ្លានពានប្រទេសអ៊ុយក្រែន នាអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មក៕