(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចក្រភពអង់គ្លេសមានឈ្មោះថា British Land បានប្រកាសឱ្យដឹងថា ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបញ្ឈប់ការជួលការិយាល័យធ្វើការមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍ និងបានប្រគល់ការិយាល័យនោះត្រឡប់ទៅខ្លួនវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ជាទូទៅនៅតាមបណ្តាលប្រទេសធំៗមួយចំនួនតម្រូវឱ្យរាល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗត្រូវតែមានការិល័យក្នុងស្រុក សម្រាប់រក្សាទុកទិន្នន័យអ្នកប្រើប្រាស់របស់គេនៅក្នុងប្រទេសផ្ទាល់ ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យទាំងនោះទៅក្រៅឡើយ ក្រោមហេតុផលមានការលេចធ្លាយទិន្នន័យនៅក្នុងករណីណាមួយ។ ជាក់ស្តែងក្រុមហ៊ុនយក្សអាមេរិក Meta បានជួលការិយាល័យធ្វើការចំនួនពីរកន្លែងនៅចក្រភពអង់គ្លេសដែលមានទីតាំងនៅ Regent Place ទីក្រុងឡុងដ៍។
ជុំវិញតម្លៃនៃការជួលការិយាល័យទាំងពីរកន្លែងនេះមិនត្រូវបានប្រភពគូសបញ្ជាក់នោះទេថា ត្រូវចំណាយប៉ុន្មានក្នុងរយៈពេលមួយឆ្នាំ។ តែបើតាមការប្រកាសចុងក្រោយនេះ Meta បានប្រគល់ការិយាល័យធ្វើការចំនួនមួយទៅឱ្យក្រុមហ៊ុនអចលនទ្រព្យអង់គ្លេសវិញហើយ ដូច្នេះគិតចាប់ពីការប្រកាសនេះតទៅ Meta នឹងនៅសល់តែការិល័យធ្វើការតែមួយប៉ុណ្ណោះ។
យ៉ាងណាមិញទាក់ទងនឹងបញ្ហាបញ្ឈប់ការជួលការយាល័យធ្វើការនេះមិនត្រូវបានគេគូសបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែគេរំពឹងថាវាទំនងជាដោយសារតែការធ្លាក់ចុះនៃកំណើននាពេលថ្មីៗនេះរបស់ក្រុមហ៊ុន និងផែនការកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន។ ខណៈដែលMeta ក៏ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីអ្នកវិនិយោគក្នុងការកាត់បន្ថយការចំណាយចំណាយផងដែរ៕