(ហាន់ចូវ)៖ អត្តពលិកកីឡាតេក្វាន់ដូ WT និងកីឡាហែលទឹក បានបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិនហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ ដោយមានកីឡាករ-កីឡាការិនី ៣រូប បន្ដធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា។

សម្រាប់អត្តពលិកកីឡាតេក្វាន់ដូ WT ចុងក្រោយ គឺកីឡាករ វ៉ា មិថុនា បានប្រកួតចាញ់កីឡាករនេប៉ាល់ Baral Abhishek ទាំងប្រផិតប្រផើយ បន្ទាប់ពីស្មើគ្នា ៣-៣ពិន្ទុ នៅក្នុងទឹកទី១ តែសោកស្ដាយទឹកទី២ មិថុនា ចាញ់កីឡាករនេប៉ាល់ ៥-៨ពិន្ទុ នាំឲ្យអតីតម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ រូបនេះ អស់ឱកាសឡើងវគ្គបន្ដ។

ចំណែកអត្តពលិកកីឡាហែលទឹកចុងក្រោយ ដែលប្រកួតថ្ងៃនេះរួមមានកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួតវិញ្ញាសាហែលផ្ងារ ១០០ម៉ែត្រ ឈរលេខ៨ ក្នុងស៊េរី ដោយប្រើថិរវេលា ១នាទី និង ១០.១០វិនាទី និងកីឡាការិនី សុខ វរល័ក្ខណ ប្រកួតវិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ឈរលេខ៧ ក្នុងស៊េរី ដោយប្រើថិរវេលា ១នាទី និង ១៥.៧៤វិនាទី។

គួរដឹងថា ក្នុងចំណោមអត្តពលិក ១៧ប្រភេទកីឡា ដែលកម្ពុជាបញ្ជូនទៅប្រកួតកីឡាអាស៊ីឆ្នាំនេះ កីឡាតេក្វាន់ដូ WT បានបញ្ជូនកីឡាករ-កីឡាការិនី ៥រូបចូលរួម និងកីឡាហែលទឹក បញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួម ខណៈគិតត្រឹមថ្ងៃពុធនេះ ពួកគេបានបញ្ចប់ភារកិច្ចប្រកួតរៀងៗខ្លួន តែពុំមានអ្នកទទួលបានមេដាយជូនជាតិនោះទេ។

មកទល់ពេលនេះ មានអត្តពលិក ៥ប្រភេទកីឡាហើយ ដែលបានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ រួមមានកីឡាបាល់ទះក្នុងសាល, គុនដាវ, យូដូ តេក្វាន់ដូ WT និងកីឡាហែលទឹក។ រីឯកីឡា ១២ប្រភេទកីឡាទៀត ដែលកំពុងធ្វើការប្រកួត និងបន្ដការប្រកួតជាបន្ដបន្ទាប់ រួមមានកីឡាបាល់បោះ, គ្រិកឃីត, ទូកក្ដោង, អត្តពលកម្ម, ជឺជីតស៊ូ, ចំបាប់, វាយសី, ការ៉ាតេ, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស និងកីឡាអុកចិន៕