(ភ្នំពេញ)៖ នៅទីបំផុតប្រទេសកម្ពុជា បានរកឃើញម្ចាស់គ្រងមកុដ តំណាងឲ្យប្រទេសរបស់ខ្លួនហើយ គឺបានទៅលើស្រីស្អាត លក្ខណ៍ មុនីអានីតា បន្ទាប់ពីមានការជួយជ្រោមជ្រែងជ្រើសរើសពីស្ថាប័ន Miss Global Cambodia ខណៈដែលបេក្ខនារីខាងលើនេះ ត្រូវបានគេមើលឃើញថា មានលក្ខណៈពិសេសចំនួន២ ដែលអាចគ្រងមកុដ Miss Global Cambodia 2023 នេះបាន។

អ្នកគ្រប់គ្រងកម្មវិធី «Miss Global Cambodia 2023» លោក អ៊ិន សុភិន បានថ្លែងប្រាប់ឲ្យដឹងថា កញ្ញា លក្ខណ៍ មុនីអានីតា គឺជាបេក្ខភាពដ៏ស័ក្តិសមបំផុត សម្រាប់គ្រងមកុដ «Miss Global Cambodia 2023» ដោយសារនាងមានចំណុចពិសេសជាច្រើន សមទៅតាមអ្វីដែលយើងចង់បាន។ ថ្វីដ្បិតតែយើងមិនបានរៀបចំការប្រកួត និងជ្រើសរើសដូចកម្មវិធីមួយចំនួន ប៉ុន្តែកញ្ញា លក្ខណ៍ មុនីអានីតា គឺជាបេក្ខភាពល្អដែលមិនអាចមើលរំលងបាន ដោយសារតែនាងធ្លាប់បានប្រកួតនៅក្នុងកម្មវិធីធំមួយ ថែមទាំងជាប់ក្នុងលំដាប់រងទី២ ទៀតផង។

ក្រោយពេលលេចមុខក្នុងថ្ងៃគ្រងមកុដ Miss Global Cambodia 2023 ស្រីស្អាត លក្ខណ៍ មុនីអានីតា បានឲ្យដឹងថា នាងពិតជារំភើបចិត្តណាស់ ដែលត្រូវបានជ្រើសរើសឲ្យក្លាយទៅជា «Miss Global Cambodia 2023» តំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ហើយរូបនាងនឹងតាំងចិត្ត ប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីនាំយកវប្បធម៌ សិល្បៈរបស់ជាតិខ្មែរបង្ហាញដល់អន្តរជាតិបានស្គាល់ ឈានទៅរកការទទួលបានជយលាភីលក្ខណៈអន្តរជាតិ នាពេលខាងមុខ។

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលស្ថាប័ន Miss Global Cambodia បានប្រកាសថាស្រីស្អាត លក្ខណ៍ មុនីអានីតា គឺជាម្ចាស់មកុដថ្មីសម្រាប់ «Miss Global Cambodia 2023» តំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ទាំងដែលមិនទាន់បានឆ្លងកាត់ ការប្រកួតជម្រុះណាមួយឡើយ។

សម្រាប់កញ្ញា លក្ខណ៍ មុនីអានីតា ត្រូវបានគេមើលឃើញថា នាងមានចំណុចខ្លាំង២ ដែលធ្វើឲ្យស្ថាប័ន Miss Global Cambodia ជ្រើសរើសនាងឲ្យក្លាយទៅជាម្ចាស់មកុដ «Miss Global Cambodia 2023» ដើម្បីត្រៀមចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ ការប្រកួត Miss Global Cambodia នៅក្នុងឆ្នាំនេះនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៤ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា កន្លងមកនេះ ស្ថាប័ន Miss Global Cambodia បានរៀបចំពិធីផ្ទេរមកុដពីកញ្ញា អែម គន់ថង ដែលជាម្ចាស់មកុដ Miss Global Cambodia 2022 ដល់កញ្ញា លក្ខណ៍ មុនីអានីតា ដើម្បីក្លាយទៅជា Miss Global Cambodia 2023 ពេញសិទ្ធិតែម្តង។ នៅក្នុងពិធីប្រកាសនោះ ក៏មានការចូលរួមពីអ្នកដឹកនាំ និងបវរកញ្ញា Miss Global International ផងដែរ។

កញ្ញា លក្ខណ៍ មុនីអានីតា ធ្លាប់ចូលរួមប្រឡងនៅក្នុងកម្មវិធីមួយ ដោយទទួលបានតំណែងលំដាប់រងទី២ ហើយចុងក្រោយនាងក៏ត្រូវបានជ្រើសរើសធ្វើជាម្ចាស់មកុដ Miss Global Cambodia 2023 តែម្តង ក្រោយពីមានការជួយជ្រោមជ្រែង និងជ្រើសរើសពីស្ថាប័ន Miss Global Cambodia។ បើតាមគម្រោង កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួត Miss Global Cambodia 2023 ដែលមានបេក្ខភាព Miss Global មកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក រហូតដល់ទៅជាង៨០ប្រទេស ចូលរួមប្រកួតប្រជែងដណ្ដើមជយលាភី៕