(ឡុងដ៍)៖ កីឡាករ Harvey Barnes របស់ក្លិប Newcastle United អាចនឹងត្រូវអវត្តមានរយៈពេលយូរ ខណៈអ្នកចាត់ការក្លិបលោក Eddie Howe បានបញ្ជាក់នៅថ្ងៃអង្គារថា បញ្ហារបួសប្រអប់ជើង គឺមានស្ថានភាពធ្ងន់ធ្ងរ។
ខ្សែបម្រើស្លាប Barnes ដែលបានចូលរួមជាមួយ Newcastle United ក្រោយផ្ទេរមកពី Leicester City កាលពីខែកក្កដានោះ បានបង្ខំចិត្តប្តូរចេញ ជាមួយនឹងបញ្ហារបួសបានកើនឡើងនៅនាទីទី១២ នៃការប្រកួតឈ្នះ ៨-០ ទៅលើក្រុម Sheffield United កាលពីថ្ងៃអាទិត្យ។
បើតាមសម្តីលោក Howe បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថា វាមានរបួសនៅផ្នែកមួយនៃប្រអប់ជើង នៅពីក្រោយម្រាមជើង ខ្ញុំគិតថា វាជារបួសធ្ងន់ធ្ងរមួយ» ដែលការលើកឡើងនេះឲ្យដឹង មុនពេលការប្រកួត League Cup របស់ Newcastle ទល់នឹងក្រុម Manchester City។
សូមរំឭកថា Newcastle United ជាក្រុមជើងឯករងពាន EFL Cup រដូវកាលមុន ដែលពួកគេបានលេងចាញ់ក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City ក្នុងការប្រកួតជុំទី៣ ដែលការប្រកួតនឹងធ្វើឡើងនៅរាត្រីឈានចូលថ្ងៃទី២៨ ខែកញ្ញានេះ៕