(បារាំង)៖ កម្មវិធីសប្ដាហ៍ម៉ូដទីក្រុងប៉ារីស ឬ Paris Fashion Week ត្រូវបានគេដឹងថា ជាវេទិកាបង្ហាញម៉ូដដ៏ធំ បន្តពីកម្មវិធីសប្ដាហ៍ម៉ូដក្រុងមីឡាន នឹងដំណើរការរហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដោយនឹងមានម៉ាកសម្លៀកបំពាក់ល្បីៗ ជាច្រើនទៀតរួមមាន LV, Chanel (ឆានេល), Hermes (ហ៊ើម៉េស) និង Saint Laurent (សង់ ឡូហង់) ជាដើម។ តាមរយៈកម្មវិធីនេះ គេឃើញមានតារាល្បីៗលំដាប់ពិភពលោកជាច្រើនដួង បង្អួតសម្រស់របស់ខ្លួនយ៉ាងទាក់ទាញមួយបែបម្នាក់ ធ្វើឲ្យទស្សនិកជនមើលមិនដាក់ភ្នែក។ នេះបើតាមការចេញផ្សាយ ដោយទស្សនាវដ្តី People នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
នាយកផ្នែកច្នៃម៉ូដរបស់ក្រុមហ៊ុន Dior អ្នកស្រី Maria Grazia Chiuri (ម៉ារៀ ក្រាសៀ ឃ្យូរី) បានបង្ហាញម៉ូដថ្មីៗសម្រាប់រដូវផ្ការីក ដោយមានការច្របាច់បញ្ចូលគ្នា រវាងម៉ូដសម្លៀកបំពាក់នារី និងបុរស ដូចជាអាវធំជាមួយសំពត់ និងអាវសាច់ក្រណាត់បញ្ចេញស្មាជាដើម។ នាយកច្នៃម៉ូដអ៊ីតាលីរូបនេះ បាននិយាយថា អ្នកស្រីបានពិនិត្យមើលម៉ូដ ដែលគេនិយមសម្រាប់ស្ត្រីឡើងវិញ ខណៈព្យាយាមធ្វើបច្ចុប្បន្នភាពម៉ូដទាំងនោះ ទៅជាលក្ខណៈសហសម័យ ដោយអនុញ្ញាតឲ្យស្ត្រីអាចជ្រើសរើសអ្វី ដែលកាន់តែសមនឹងពួកគេ។
គួរជម្រាបថា ក្នុងកម្មវិធីនេះគេឃើញមានវត្តមានរបស់តារាល្បីៗ លំដាប់ពិភពលោកជាច្រើនដួង ចូលរួមជាភ្ញៀវកិត្តិយស ដោយភាគច្រើនគឺជាតំណាងផ្សព្វផ្សាយ របស់ស្លាកយីហោផ្ទាល់ ដូចជាតារាសម្តែង Jennifer Lawrence (ជេនីហ្វើ ឡរ៉េន) តារាសម្ដែង Charlize Theron (ឆាលីស ស្តេរ៉ន់) សមាជិក BLACKPINK Jisoo (ជីស៊ូ) និងតារាសម្ដែងប្រុស Robert Pattinson (រ៉ូបឺត ផេតធីនសុន) ជាដើម។ កម្មវិធីនេះ គឺបានចាប់ផ្ដើមធ្វើឡើង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕