(បរទេស)៖ តាមរយៈការធ្វើតេស្តកំពូលស្មាតហ្វូនទាំង ១០ជំនាន់ចុងក្រោយប្រចាំឆ្នាំ២០២៣ នាពេលថ្មីៗនេះនៅលើតារាង DxOMark បានបង្ហាញថា សមត្ថភាពកាមេរ៉ា iPhone 15 Pro Max បានជាប់ចំណាត់ថ្នាក់លេខ២ ដែលតាមពីក្រោយស្មាតហ្វូនចិន Huawei។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ដូចដែលបានដឹងរួចមកហើយថា iPhone 15 Pro Max គឺជាស្មាតហ្វូនកំពូលដំបូងគេបង្អស់របស់ Apple ដែលបានបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលទទួលបាននូវផ្នែកកាមេរ៉ា Telephoto កម្រិត Zoon បានរហូតដល់ 5X ឯណោះ។

យ៉ាងណាមិញបើយោងតាមដាក់ពិន្ទុស្មាតហ្វូនទាំង ១០នៅលើតារាង DxOMark បានបង្ហាញថា Huawei P60 Pro ឈរនៅកំពូលតារាងដែលជាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹងពិន្ទុសរុប ១៥៦ពិន្ទុ ចំណែក iPhone 15 Pro Max ឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងពិន្ទុសរុប ១៥៤ពិន្ទុ។ ដោយឡែកចំពោះចំណាត់ថ្នាក់លេខ៣ វិញបានទៅលើម៉ូដែលស្មាតហ្វូន Oppo Find X6 Pro ជាមួយនឹងពិន្ទុសរុប ១៥៣ពិន្ទុ និងចំណាត់ថ្នាក់លេខ ៤បានទៅលើ Hornor Magic5 Pro ជាមួយពិន្ទុសរុប ១៥២ពិន្ទុ ចំណែកឯចំណាត់ថ្នាក់លេខ៥ បានទៅលើ Oppo Find X6 ជាមួយនឹងពិន្ទុសរុប ១៥០ពិន្ទុ។ ខណៈស្មាតហ្វូនផ្សេងទៀតដូច Huawei Mate 50 Pro, Xiaomi 13 Ultra 5G, Samsung Galaxy S23 Ultra, Google Pixel 7 Pro និង OnePlus 11 Pro ឈរនៅលំដាប់លេខរៀងបន្តបន្ទាប់ជាមួយនឹងកម្រិតពិន្ទុប្រដេញគ្នាមួយពិន្ទុចុះក្រោម។

គួរជម្រាបដែរថា iPhone 15 Pro Max ទទួលបានពិន្ទុល្អស្ទើរតែគ្រប់ផ្នែកនៃការធ្វើតេស្ត DxOMark រួមទាំងគុណភាពរូបថត វីដេអូ និងគុណភាពពង្រីក។ ក្រុមការងារ DxOMark មានការចាប់អារម្មណ៍ជាពិសេសជាមួយនឹងបច្ចេកវិទ្យា Zoom 5x «Tetraprism» ថ្មីរបស់ iPhone ដែលអនុញ្ញាតឱ្យវាថតរូបបានច្បាស់ និងសូម្បីតែនៅកន្លែងប្លង់ពេលយប់ក៏ដោយ៕