(ក្រុងឡុងដ៍)៖ សារិកាព្រៃ Newcastle United ដែលជាជើងឯករង League Cup រដូវកាលមុននោះ បានទម្លាក់ក្រុមខ្លាំង Manchester City ចេញពីពានលំដាប់ទី៣ អង់គ្លេសមួយនេះត្រឹមជុំទី៣ ប៉ុណ្ណោះ តាមរយៈជ័យជម្នះ ១ទល់នឹង០ នាយប់មិញនេះ។

១គ្រាប់ជ័យជម្នះនៅកីឡដ្ឋាន St James’ Park ធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Alexander Isak នៅនាទី៥៣ វាបានជួយឲ្យក្រុមដែលដឹកនាំដោយលោក Eddie Howe មានឱកាសឡើងទៅជុំទី៤ វគ្គ ១៦ក្រុមជាបន្តទៀត ដែលត្រូវប៉ះគូប្រជែងចាស់ Manchester United ក្រោយពេលពួកគេបានចាញ់ ២-០ កាលផ្តាច់ព្រ័ត្ររដូវកាលឆ្នាំ២០២២-២០២៣។

យ៉ាងនេះក្តី វាក៏ជាគ្រាប់បំប៉ោងសំណាញ់ទី៤ របស់កីឡាករអន្តរជាតិស៊ុយអែត Isak ផងដែរសម្រាប់ Newcastle United នារដូវកាលនេះ។

លោក Howe បានធ្វើការផ្លាស់ប្តូរសមាសភាពដល់ទៅ ១០នាក់ ក្រោយពេលពួកគេបានបំបាក់គូប្រជែងក្នុងលីគ Sheffield United ដល់ទៅ ៨-០ កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ក្នុងការផ្តល់មេរៀនចាញ់ជាលើកទី២ ដល់ក្រុមរបស់លោក Pep Guardiola ក្នុងចំណោម ៣៨ប្រកួតចុងក្រោយគ្រប់កម្មវិធីរបស់ពួកគេ។

ដូច្នេះ សម្រាប់ជុំទី៤ នៃវគ្គ ១៦ក្រុមគឺបានរកឃើញអស់ហើយ មុនពេលចាប់ផ្តើមប្រកួតជាបន្តទៀតនាដើមខែវិច្ឆិកា ឆ្នាំ២០២៣ តទៅដោយរួមមាន AFC Bournemouth vs Liverpool, Chelsea vs Blackburn Rovers, Everton vs Burnley, Exeter City vs Middlesbrough, Ipswich Town vs Fulham, Manchester United vs Newcastle United, Mansfield Town vs Port Vale និង West Ham United ជួប Arsenal៕