(ម៉ាឌ្រីដ)៖ Real Madrid បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងតារាងពិន្ទុ La Liga ជាបណ្តោះអាសន្នវិញ ដោយចាញ់ក្រុមកំពូលតារាង Girona មកនៅត្រឹម ១ពិន្ទុ ក្រោយយកឈ្នះភ្ញៀវ Las Palmas ២-០ ក្នុងដីយប់មិញនេះ។

សមាជិកថ្មី Brahim Diaz និង Joselu បានសហការគ្នារកបានម្នាក់ ១គ្រាប់ក្នុងកីឡដ្ឋាន Santiago Bernabeu របស់ខ្លួននៃការប្រជែងពានលីគកំពូលអេស្ប៉ាញសម្រាប់រដូវកាលនេះ ក្រោយពេលពួកគេបានចាញ់ក្នុងផ្ទះរបស់ Atletico Madrid ៣-១ នាពាក់កណ្តាលសប្តាហ៍កន្លងមក។

អ្នកចាត់ការទូទៅក្លិប លោក Carlo Ancelotti បានធ្វើការផ្លាស់ប្តូរកីឡាករមានដល់ទៅ ៥នាក់ ពីប្រកួតដែលពួកគេបានចាញ់នៃជំនួប Derby ទល់នឹង Atletico Madrid ក្នុងនោះក៏មានខ្សែប្រយុទ្ធវ័យក្មេង Jude Bellingham ផងដែរ។

យ៉ាងនេះក្តី អតីតក្រុមរងជើងឯករដូវកាលមុន នៅចាញ់ ១ពិន្ទុ បើធៀបក្រុមកំពុងកាន់កាប់តំណែងកំពូលតារាង Girona ដោយមាន ១៨ពិន្ទុសរុបក្នុងដៃ ក្រោយឆ្លងកាត់ ៧ប្រកួតក្នុងជើងទី១ គ្រាដែល Girona បានកំពុងធ្វើបានល្អ តាមរយៈលេង ៧ប្រកួតដូចគ្នា មិនទាន់ចាញ់ឡើយ ដូចទៅនឹងក្រុមការពារជើងឯក FC Barcelona ដែលកំពុងឈរនៅលេខ៣ បណ្តោះអាសន្ន មាន ១៧ពិន្ទុ។ Girona បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ ក្រៅតំបន់កៅអីលេងពានអឺរ៉ុប នារដូវកាលមុនឆ្នាំ២០២២-២០២៣៕