(គីវ)៖ ក្រុមបាល់ទាត់អ៊ុយក្រែន នឹងពហិការគ្រប់ការប្រកួតទាំងអស់ ដែលមានវត្តមានភាគីក្រុមរុស្ស៊ី ស្របពេលដែលក្រុមប៉ូឡូញ នឹងបដិសេធក្នុងការប្រកួតទល់នឹងក្រុម ដែលមកពីប្រទេសរុស្ស៊ីផងដែរ, នេះបើតាមសហព័ន្ធបាល់ទាត់ជាតិរបស់ពួកគេ បានលើកឡើងនៅថ្ងៃពុធ បន្ទាប់ពីមានការសម្រេចចិត្តមួយ ដោយស្ថាប័ន UEFA ដកការហាមឃាត់ក្រុមយុវជនរុស្ស៊ី អាចវិលមកប្រកួតវិញបាន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមសមាគមបាល់ទាត់អ៊ុយក្រែន បានលើកឡើងនៅក្នុងការឆ្លើយតបមួយ ចំពោះការប្រកាសដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បានឲ្យដឹងថា «សមាគមបាល់ទាត់អ៊ុយក្រែន អះអាងថា ខ្លួននឹងមិនចូលរួមក្នុងការប្រកួតណាមួយ ពាក់ព័ន្ធនឹងក្រុមរុស្ស៊ីនោះទេ»។
សមាគមខាងលើ ក៏បានអំពាវនាវឲ្យសមាជិក UEFA ផ្សេងទៀត ធ្វើពហិការប្រកួតទល់នឹងក្រុមរុស្ស៊ីផងដែរ ខណៈប្រធានសមាគមបាល់ទាត់ប៉ូឡូញ បានសន្យាភ្លាមៗ ថានឹងធ្វើតាមការអំពាវនាវនេះ។
សូមជម្រាបថា ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានហាមឃាត់ក្រុមកីឡារុស្ស៊ីទាំងអស់ ពីការប្រកួតកាលពីឆ្នាំមុន នៅក្នុងការឆ្លើយតបចំពោះការឈ្លានពានរបស់ទីក្រុង Moscow នៅប្រទេសអ៊ុយក្រែន។
រំឭកផងថា ស្ថាប័ន UEFA បានប្រកាសសម្រេចអនុញ្ញាតឲ្យក្រុមបាល់ទាត់កម្រិតយុវជនរុស្ស៊ី វិលមកធ្វើការប្រកួតនៅពានអឺរ៉ុបវិញបាន ដែលក្នុងនោះមាន ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរុស្ស៊ី (U-17) ផ្នែកបុរស នឹងមានសិទ្ធិចូលរួមប្រកួតពានអឺរ៉ុប European Championship សម្រាប់ជុំចុងក្រោយនាឆ្នាំក្រោយនៅប្រទេសសាយប្រឺស និងក្រុមស្រ្តីរុស្ស៊ីអាចចូលរួមប្រកួតពានថ្នាក់តំបន់នេះនៅប្រទេសស៊ុយអែត នាខែឧសភា ឆ្នាំ២០២៤។
ដែលនៅក្នុងសេចក្តីថ្លែងការណ៍ចេញដោយ UEFA បានឲ្យដឹងថា «បាល់ទាត់ ពុំដែលបោះបង់ក្នុងការបញ្ជូនសារសេរីភាព និងក្តីសង្ឃឹមទៅកាន់ពិភពលោកឡើយ ដែលក្រុមក្មេងៗ មិនគួរណាមកជាប់បម្រាមដែលបង្កឡើងដោយមនុស្សពេញវ័យនោះទេ»៕