(ម៉ាកសី)៖ ក្លិបបាល់ទាត់អាជីព Marseille បានសម្រេចតាំងតាំងលោក Gennaro Gattuso ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ក្រោមកិច្ចសន្យាដល់ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងជម្រើសបន្តបាន ១រដូវកាលទៀតផងដែរ។

បុរសសញ្ជាតិអ៉ីតាលី វ័យ ៤៥ឆ្នាំខាងលើនេះ ត្រូវបានជំនួសកន្លែងលោក Marcelino ដែលបានលាឈប់ ក៏ព្រោះតែមានភាពតានតឹងជាមួយអ្នកគាំទ្រក្លិបលេងនៅលីគកំពូលបារាំង Ligue 1 មួយនេះកាលសប្តាហ៍មុន។

បច្ចុប្បន្ន Marseille បានកំពុងឈរនៅលេខរៀងទី៨ ក្នុង Ligue 1 ជាបណ្តោះអាសន្ន ដែលត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមមកពីលីគអង់គ្លេស Brighton ក្នុងពាន Europa League នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខផងដែរ។

លោក Gattuso បានទំនេរពីការងារ គិតចាប់តាំងពីក្លិបនៅអេស្ប៉ាញ Valencia ដកតំណែងនាខែមករា ឆ្នាំ២០២៣ ក្រោយពេលដឹកនាំបាន ៧ខែ។ បុរសដែលធ្លាប់ដឹកនាំក្លិប Pisa, AC Milan និង Napoli ផងនោះ ធ្លាប់បានចូលលេងចំនួន ៤៦៨ប្រកួតជាមួយ AC កាលនៅជាកីឡាករចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១២ និងលេងបាន ៧៣ប្រកួតផងដែរឲ្យជម្រើសជាតិអាសូរីអ៉ីតាលី៕