(បរទេស)៖ ទីបំផុត Samsung បញ្ជាក់ថ្ងៃប្រកាសចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន Samsung Galaxy S24 ជាផ្លូវការហើយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ចេញផ្សាយពីសារព័ត៌មាន Yonhab បានឱ្យដឹងថា Samsung នឹងធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដូចទៅនឹងរាល់ឆ្នាំអ៊ីចឹង។ ប៉ុន្តែសម្រាប់ Galaxy S24 ជំនាន់ចុងក្រោយនេះនឹងមកដល់ទីផ្សារលឿនជាង ម៉ូដែលមុនខ្ទង់មួយខែ ខណៈ Galaxy S23 ត្រូវបានប្រកាសចេញនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពដដែលក៏បានអះអាងផងដែរថា Samsung អាចនឹងចាប់ផ្តើមចេញលក់ Galaxy S24 ចាប់ពីចុងខែមករា ឬ ដើមខែកុម្ភៈ ឆ្នាំ២០២៤ តែម្តង ដោយមិនមានការពន្យារពេលរង់ចាំយូរនោះទេ។
គួរជម្រាបដែរថា Galaxy S24 ត្រូវបានគេរំពឹងថា នឹងចេញមកជាមួយនឹងការធ្វើបច្ចុប្បន្នភាពមុខងារប្លែកពី Galaxy S23 រួមទាំងរូបរាងឌីហ្សាញ ដំណើរការឈីប និងមុខងារកាមេរ៉ា។ លើសពីនេះទៅទៀតចំពោះកំពូលស្មាតហ្វូន Galaxy S24 Ultra មានពាក្យចចាមអារ៉ាមមកថា នឹងបំពាក់សេនស័រកាមេរ៉ាមេទំហំធំរហូតដល់ ២០០មេហ្គាភិចស៊ែឯណោះ៕