(អាមេរិក)៖ អ្នកផលិតកម្មវិធីទូរទស្សន៍ និងពិធីករពេលយប់ Jimmy Fallon, Stephen Colbert, John Oliver, Seth Meyers និង Jimmy Kimmel កំពុងនាំយកកម្មវិធីរបស់ពួកគេត្រឡប់ទៅ ទូរទស្សន៍វិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីការបញ្ចប់នៃកូដកម្មរបស់អ្នកនិពន្ធហូលីវូដ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
ផលិតករ រួមទាំងក្រុមតារាកំប្លែង បានបញ្ឈប់ការផលិតកម្មវិធីរបស់ពួកគេ នៅក្នុងខែឧសភា នៅពេលដែលកូដកម្មបានចាប់ផ្តើម ហើយនៅចុងខែសីហាបានចាប់ផ្តើមផ្សាយ Podcast មួយមានឈ្មោះថា «Strike Force Five» ជាមួយនឹងប្រាក់ចំណូល និងទៅដល់បុគ្គលិកក្រៅការងារ។ ក្រុមពិធីករបាននិយាយនៅក្នុងការបង្ហោះ Instagram ថា «សមាជិកស្ថាបនិកនៃ Strike Force Five នឹងត្រឡប់ទៅកម្មវិធីទូរទស្សន៍ តាមបណ្តាញរបស់ពួកគេវិញ នៅថ្ងៃច័ន្ទទី០២ខែតុលា»។ ពួកគេបាននិយាយថា នឹងចេញផ្សាយភាគ Podcast យ៉ាងហោចណាស់បីបន្ថែមទៀត សម្រាប់សរុបចំនួន១២ភាគ។
សហជីពអ្នកនិពន្ធរបស់ហូលីវូដបាននិយាយថា សមាជិករបស់ខ្លួនអាចត្រឡប់ទៅធ្វើការវិញនៅថ្ងៃពុធ ខណៈដែលពួកគេសម្រេចចិត្ត យល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ដែលផ្តល់ការដំឡើងប្រាក់ឈ្នួល និងការការពារមួយចំនួនជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ចំពោះស្នាដៃរបស់ពួកគេ។
គួរជម្រាបថា សមាជិកប្រហែល ១១,៥០០នាក់ នៃសមាគមន៍អ្នកនិពន្ធអាមេរិក បានធ្វើកូដកម្មនៅដើមខែឧសភា បន្ទាប់ពីមិនបានឈានដល់កិច្ចព្រមព្រៀងការងារថ្មី ជាមួយស្ទូឌីយោហូលីវូដធំៗ ដែលផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍។ ងាកមកសហជីពតារាសម្ដែង SAG-AFTRA ដែលជាសហជីពដ៏ធំបំផុតរបស់ហូលីវូដ ដែលមានសមាជិក ១៦០,០០០នាក់ បានឈប់ពីការងារកាលពីខែកក្កដា និងមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ៕