(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានដាក់តាំងបង្ហាញផលិតផល LG Electronics សំរាប់ឆ្នាំ ២០២៣ និង២០២៤ ដើម្បីបង្ហាញពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មី សំរាប់ដៃគូអាជីវកម្ម ដែលនៅតាមបណ្តាខេត្តក្រុង នៅជុំវិញរាជធានីភ្នំពេញ​ ស្របពេលដែល​ទីផ្សារគ្រឿងអេឡិចត្រូនិក នៅឆ្នាំ២០២៣នេះ បានកើនឡើងជាងឆ្នាំមុនបន្តិច។

ផលិតផល LG ដែលនាំចូលមកប្រទេសកម្ពុជា និងបានដាក់តាំងបង្ហាញនៅឆ្នាំនេះ បានផ្តោតសំខាន់បច្ចេកវិទ្យាឆ្លាតវៃ ការច្នៃប្រឌិតលើរូបរាង គុណភាពខ្ពស់ ធន់ មានតម្លៃសមរម្យ ស័ក្តិសមសំរាប់អតិថិជនក្នុងស្រុក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីហ្គៀ គ្រុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មជិតបំផុតសំរាប់អតិថិជន ដោយមានកន្លែងផ្តល់សេវាដំឡើង ថែទាំ និងប្រឹក្សាយោបល់ជាង១០ទីតាំងទូទាំងប្រទេស។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics បានសហការនាំចូលផលិតផលអេឡិចត្រូនិចមកកាន់ទីផ្សារកម្ពុជា ដោយបានគិតគូរសំរាប់អ្នកប្រើប្រាស់ជាចម្បងលើកត្តាសុខភាព បរិស្ថាន ការសន្សំសំចៃភ្លើង ថវិកា​ និងមានបច្ចេកវិទ្យាខ្ពស់ ​ព្រមទាំងមានភាពងាយស្រួលប្រើប្រាស់។

លោកបន្ថែមថា «ផលិតផលLG មានការគាំទ្រខ្លាំង និងមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ព្រោះក្រុមហ៊ុនយើងមិនត្រឹមតែប្រឹងប្រែងលក់តែផលិតផលមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែយើងបាន ផ្សព្វផ្សាយ និងជំរុញឱ្យអ្នកប្រើប្រាស់ទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានៃផលិតផលទាំងអស់នោះ តាមរយៈវគ្គបណ្តុះបណ្តាលទៅកាន់ដៃគូអាជីវកម្មចែកចាយគ្រប់ផ្នែក បុគ្គលិកផ្នែកលក់ ផ្នែកផ្តល់សេវាកម្ម និងមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមផងដែរ»

ជាមួយគ្នានេះ លោក ហេង សេងហ៊ាត ប្រធានផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ក្រុមហ៊ុន LG Electronics ដែលជាដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបបានបង្កើនលើគុណភាព ប្រសិទ្ធភាព និងបច្ចេកវិទ្យាពិសេសលើផលិតផលរបស់ខ្លួនទាំងអស់ ក្នុងឆ្នាំ២០២៣ និង២០២៤នេះ ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ចំណេញពេលវេលា ថវិកា​ លើប្រតិបត្តិការនានា នៅក្នុងផ្ទះ ការិយាល័យ និងអាគារពាណិជ្ជកម្ម។

លោកបន្តថា «ផលិតផលដែលយើងកំពុងផ្តោតខ្លាំង និងជាតម្រូវការចាំបាច់សំរាប់អតិថិជននៅឆ្នាំនេះមានដូចជាម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកគក់។ សំរាប់ឆ្នាំនេះម៉ាស៊ីនត្រជាក់ LG បានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាទំនើបជួយកាត់បន្ថយការប្រើប្រាស់ភ្លើង អាចបញ្ជាគ្រប់គ្រងតាមរយៈទូរសព្ទដៃ មានប្រព័ន្ធការពារផ្លូវដង្ហើមដែលវាជាអង់ទិគ័រ»

ទន្ទឹមនឹងគ្នានេះដែរលោកបានបញ្ជាក់ថា ក្រុមហ៊ុន LG Electronics បានផលិតទូទឹកកក សេរីថ្មីនេះឆ្លើយតបនឹងតម្រូវការអតិថិជនសម័យថ្មីដោយបានរចនាលើរូបរាងដ៏ប្រណិត ផ្ទៃខាងក្នុង ធំទូលាយ ក្លាសេបន្លែផ្លែឈើស្រស់បានយូរ ត្រជាក់សព្វ និងស៊ីភ្លើងតិច(ពីចន្លោះ៥ ខាំទៅ ១គីឡូក្នុងមួយថ្ងៃ)។

រីឯម៉ាស៊ីនបោកវិញក្រុមហ៊ុន LG Electronics បានផ្តោតសំខាន់លើការថែទាំសាច់ក្រណាត់ មិនអោយតួក ខូច ជម្រះក្អែលបានស្អាត បោកគក់រហ័យទាន់ចិត្ត ហាលឆាប់ស្ងួតហើយចំណុចទាំងអស់ នេះតម្រូវការចាំបាច់របស់អតិថិជន។ លើសពីនេះទៀត LG Electronics បានបន្ថែមមុខងារខ្លីៗលើម៉ាស៊ីនបោក LG ដែលមានឈ្មោះថាមុខងារ LG Turbo wash, Turbo wash 3D, និង Turbo wash 3600 ហើយវាបានជំរុញឱ្យប្រតិបត្តិការបោកគក់កាន់តែមានប្រសិទ្ធភាព លឿនទាន់ចិត្ត និងស៊ីភ្លើងតិច។

ដោយឡែកទូរទស្សន៍LG សេរីចុងក្រោយនេះ បានវិវឌ្ឍន៍ជាទូរទស្សន៍ឆ្លាតវៃ ដូចនឹងទូរស័ព្ទ Smart Phone ដែរ ព្រោះវាជួយឱ្យមនុស្សទូរទាំងសាកលអាចប្រើប្រាស់កម្មវិធីរបស់វាបានកាន់តែទូលំទូលាយ។ មួយវិញទៀតការរចនា Interface របស់ទូរទស្សន៍LG មិនស្មុគស្មាញច្រើនងាយស្រួលប្រើសំរាប់កម្មវិធីកំសាន្ត មានសមត្ថភាពគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចក្នុងផ្ទះ អាចប្រើ ជំនួសកុំព្យូទ័រសំរាប់ ការងារក្នុងការិយាល័យ និងមានមុខងារគ្រប់គ្រងប្រវត្តិប្រតិបត្តិការ លើកម្មវិធីដែលអ្នកធ្លាប់ប្រើ ហើយប្រមូលផ្តុំគ្នាដើម្បីផ្តល់ភាពងាយស្រួលស្វែងរកនៅថ្ងៃក្រោយ។

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា អំឡុងឆ្នាំ ២០២៣នេះតម្រូវការផលិតផលអេឡិចត្រូនិចមានការកើនឡើងជាងឆ្នាំ២០២២បន្តិច ដោយសារមានការអភិវឌ្ឍចំពោះការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹក ភ្លើងសំរាប់ប្រើប្រាស់គ្រប់គ្រាន់ ពីរាជរដ្ឋាភិបាលដែលជាកត្តាជំរុញឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិច ដើម្បីជាដំណោះស្រាយសំរាប់ការរស់នៅ និងអាជីវកម្មរបស់ពួកគេប្រចាំថ្ងៃបាន។

ក្រៅពីការ​តាំងបង្ហាញផលិតផល LG Electronicsជំនាន់ថ្មី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់ & មូនរីវើសាយរាជធានីភ្នំពេញ​ ក្រុមហ៊ុន ជីហ្គៀ គ្រុបក៏មានរៀបចំការជួបជុំដៃគូអាជីវកម្មពីបណ្តាខេត្តក្រុងជុំវិញរាជធានីភ្នំពេញប្រមាណជិត ២០០នាក់ ផងដែរ ដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និត និងរក្សាឱ្យបាននូវគោលដៅរួមមួយ ដើម្បីលើកកម្ពស់វិស័យអេឡិចត្រូនិចនៅកម្ពុជាមានភាពស្របច្បាប់ពេញលេញ មានការប្រកួតប្រជែងដោយតម្លាភាព និងផ្តល់គុណតម្លៃបន្ថែមសំរាប់អ្នកប្រើប្រាស់ រាប់ចាប់ពីការផ្តល់សេវាកម្ម និងផលិតផលឡើងទៅសំរាប់គ្រឿងអេឡិចត្រូនិចម៉ាក LG៕