(ភ្នំពេញ)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់អ្នកចាញ់ ត្រូវខំប្រឹងហ្វឹកហាត់ឲ្យបានខ្លាំងជាងអ្នកឈ្នះ ដើម្បីមានឱកាសស្វែងរកជយលាភីនាការប្រកួតក្រោយៗវិញ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ប្រធានសហព័ន្ធខាងលើបានលើកឡើងថា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ បានធ្វើឲ្យវិស័យកីឡាកាន់តែមានសន្ទុះគាំទ្រ និងរីកចម្រើន ជាក់ស្ដែងកីឡាសូហ្វតិន្នីស ដែលមានយុវជនថ្នាលជាច្រើន បានចូលរួមហ្វឹកហាត់។ ការណ៍នេះ នាំឲ្យសហព័ន្ធសម្រេចបញ្ចូលវិញ្ញាសាយុវជនក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីឲ្យពួកគេបង្ហាញសមត្ថភាព និងទេពកោសល្យ ក៏ដូចជាជំរុញការអភិវឌ្ឍបច្ចេកទេសពួកគេកាន់តែប្រសើរ។
តាមរយៈនេះ លោក សរិ សិទ្ធិ បានជំរុញ និងលើកទឹកចិត្ត ទាំងអ្នកឈ្នះ និងអ្នកចាញ់ ត្រូវបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ពិសេសអ្នកចាញ់ ត្រូវខំប្រឹងខ្លាំងជាងអ្នកឈ្នះ ដើម្បីមានឱកាសប្រកួតប្រជែងនាឆ្នាំក្រោយៗ។ ម្យ៉ាងក៏ដើម្បីជំរុញការបណ្ដុះបណ្ដាលធនធានយុវជនថ្នាលឲ្យបានច្រើន សម្រាប់ត្រៀមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាល ក៏ដូចជាត្រៀមការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ផងដែរ។
លោក យិត ភីរៈ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៩៥នាក់ មកពីសមាគមកីឡាចំនួន ៧ និងធ្វើការប្រកួតលើ ១២វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេស សមាគមដណ្ដើមបានមេដាយច្រើនជាងគេ រួមមានសមាគមកីឡាក្រសួងមហាផ្ទៃ ជាប់លេខ១, សមាគមកីឡាអគ្គស្នងការនគរបាលជាតិ ជាប់លេខ២, ខេត្តកំពង់ស្ពឺ ជាប់លេខ៣, ខេត្តត្បូងឃ្មុំ ជាប់លេខ៤, ខេត្តកំពង់ឆ្នាំង ជាប់លេខ៥, ខេត្តកណ្ដាល ជាប់លេខ៣ និងសមាគមកីឡាក្រសួងការពារជាតិ ជាប់លេខ៧៕