(អាមេរិក)៖ កន្លងទៅតារាចម្រៀង Lady Gaga បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ៥០ម៉ឺនដុល្លារ ដល់អ្នកដែលយកសត្វឆ្កែរបស់នាងត្រឡប់មកឲ្យនាងវិញ បន្ទាប់ពីត្រូវបានចោរលួច។ ក្រោយមក ស្រាប់តែមានរឿងប្តឹងផ្តល់ថា កំពូលតារាចម្រៀងល្បីឈ្មោះអាមេរិក Lady Gaga បានបដិសេធក្នុងការផ្តល់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ទៅកាន់ស្ត្រីម្នាក់ ដែលយកសត្វឆ្កែប្រភេទ French Bulldogs របស់នាងមកប្រគល់ឲ្យនាងវិញនោះ ដោយទទូចថា ព្រោះតែស្ត្រីនោះបានដឹង អំពីការលួចសត្វឆ្កែរបស់នាង និងទំនងជាបានសហការប្រព្រឹត្តិបទល្មើសថែមទៀតផង។

តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ជុំវិញករណីខាងលើនេះ គឺច្បាស់ការណ៍ហើយ ក្រោយតុលាការចេញសេចក្តីសម្រេចឲ្យ Lady Gaga ឈ្នះក្ដី ពោលគឺមានន័យថា នាងមិនចាំបាច់បង់ប្រាក់៥០ម៉ឺនដុល្លារ ទៅឲ្យស្ត្រីរូបនោះទេ ព្រោះត្រឹមតែជាការសន្យារធម្មតា គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។

ស្ត្រីដែលយកសត្វឆ្កែឲ្យ Lady Gaga វិញ គឺមានឈ្មោះថា Jennifer Mcbride ដែលបានដាក់ពាក្យប្តឹងទៅតុលាការ ប្រឆាំងនឹងតារាចម្រៀង Lady Gaga ព្រោះមិនទទួលបានប្រាក់រង្វាន់ ៥០ម៉ឺនដុល្លារ ក្រោយនាងយកសត្វឆ្កែឲ្យ Lady Gaga វិញ។ យោងតាមឯកសារតុលាការ ដែលទទួលបានដោយទស្សនាវដ្តី People បានឲ្យដឹងថា ចៅក្រមបានរកឃើញថា ពាក្យបណ្តឹងរបស់ Jennifer Mcbride គឺគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវនោះទេ ដោយមិនអនុញ្ញាតឲ្យដើមបណ្តឹងរូបនេះ ទាមទារបាននូវប្រាក់ដែលខ្លួនប្ដឹងទាមទារពីតារាចម្រៀង Lady Gaga ឡើយ។

គួរជម្រាបថា នៅខែធ្នូ ឆ្នាំ២០២២ កន្លងទៅ Jennifer Mcbride ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ បន្ទាប់ពីបដិសេធក្នុងការប្រាប់តុលាការ ពីដើមចមដែលនាងរកឃើញ ឬទទួលបានសត្វឆ្កែរបស់ Lady Gaga មកវិញ៕