(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ច សាកលវិទ្យាល័យឌីជីថលកម្ពុជា ឬ Digital University of Cambodia ហៅកាត់ថា DUC បានដាក់ទិសដៅផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថលដំបូងគេបង្អស់នៅប្រទេសកម្ពុជា ស្របតាមស្តង់ដាក្រសួងអប់រំ យុវជន និងកីឡា។
នៅសាកលវិទ្យាល័យឌីជីថលកម្ពុជា មិនមែនមានលុយបង់ចេះតែចូលរៀនបានទេ លក្ខខណ្ឌវិន័យតឹងរឹង និងផ្ដល់ឱកាសឲ្យនិស្សិតក្រីក្រជាអាទិភាពផងដែរ។
សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សានឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ទៅតាមយុគសម័យទំនើបក្នុងការរស់នៅជាមួយទីផ្សារបើកចំហជើងមេឃនៃសង្គមឌីជីថល។
សូមបញ្ជាក់ថា សាកលវិទ្យាល័យឌីជីថល កម្ពុជា សាងសង់លើផ្ទៃដីជាង២០ហិចតា ជាប់នឹងរាជធានីភ្នំពេញ ពោលពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុងស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ មានស្តង់ដាខ្ពស់ ដែលចាប់ផ្តើមបើកបវេសនកាលដំបូងឆាប់ៗខាងមុខនេះហើយ។
សម្រាប់សិស្សដែលប្រឡងធ្លាក់បាក់ឌុបក៏អាចចូលរៀនបរិញ្ញាប័ត្ររងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជាបានផងដែរ ហើយផ្ដល់អាទិភាពលើសិស្សក្រីក្រ។
សាកលវិទ្យាល័យឌីជីថលកម្ពុជា នឹងបើកបវេសនកាលលើកដំបូងឆាប់ៗខាងមុខនេះ៕