(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នៅតំបន់អង្គរ ខេត្តសៀមរាប នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ ជាមួយកំណើនអ្នកចូលរួមយ៉ាងច្រើន បើធៀបកាលពីឆ្នាំ២០២១-២០២២ ដែលជាការចាប់ផ្ដើមរៀបចំឡើងវិញ បន្ទាប់ពីខកខានរៀបចំកាលពីឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
ជាមួយខួបលើកទី២៨ នៃការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញពីគុណតម្លៃនៃទិវារត់ប្រណាំងប្រចាំឆ្នាំលើទឹកដីអង្គរនេះ គឺព្រឹត្តិការណ៍ដ៏ធំមួយ ដែលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច កីឡា និងសុខភាពប្រជាពលរដ្ឋ ក្រោមការរៀបចំរបស់ NOCC គាំទ្រដោយអង្គការបេះដូងមាស ក្រសួងវប្បធម៌ និងចិត្រសិល្បៈ អាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាប។
លោកបន្ដថា «ពួកយើងត្រៀមលក្ខណៈបានយ៉ាងល្អ សម្រាប់រៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ ដែលបច្ចុប្បន្នយើងបានទទួលអ្នកចុះឈ្មោះបានជាង ១១,០០០នាក់ ក្នុងនោះមាន ៦ពាន់នាក់ជាបរទេសមកពី ៥៨ប្រទេស។ ព្រឹត្តិការណ៍ដែលស្រូបយកអ្នកចូលរួម ជាភ្ញៀវជាតិ-អន្ដរជាតិជាង ១ម៉ឺននាក់ គឺជាពេលវេលាដែលអាចចំណេញដល់វិស័យទេសចរណ៍ ធុរកិច្ច វិស័យកីឡា និងការអប់រំសុខភាព ហើយក៏បញ្ជាក់ពីការអភិវឌ្ឍក្នុងសង្គមជាតិរបស់យើង ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត»។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែល សង្កត់ធ្ងន់ថា «ដោយសារកត្ដាសុខសន្ដិភាព និងការអភិវឌ្ឍ ក្រោមការជំរុញ និងលើកទឹកចិត្តពីសម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានធ្វើឲ្យព្រឹត្តិការណ៍កីឡាធំៗ ពិសេសកីឡាម៉ារ៉ាតុងនេះ មានការចូលរួមយ៉ាងផុសផុល និងរីកចម្រើនគួរជាទីមោទនៈភាពជាតិជាខ្លាំង ហើយព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាផងដែរ»។
លោក វ៉ាត់ ចំរើន បន្ថែមថា «ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡានោះទេ ក៏ជាព្រឹត្តិការណ៍ដែលផ្សព្វផ្សាយ និងលើកកម្ពស់នូវការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងទំនាក់ទំនងកាទូត រវាងកម្ពុជា-ជប៉ុន ជាពិសេសវត្តមានរបស់ឯកអគ្គរាជទូតជប៉ុន នឹងបានផ្ដល់នូវគុណតម្លៃបន្ថែម លើចំណងមិត្តភាពកម្ពុជា-ជប៉ុន ក្នុងនោះប្រធានអង្គការ Hearts Of Gold និងក្រុមការងារ ក៏នឹងចូលរួមជួយលើកទឹកចិត្ត និងរៀបចំការប្រកួតនេះដែរ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវចេញដំណើរ និងបញ្ចប់នៅមុខប្រាសាទអង្គរវត្តនេះ គឺមានវិញ្ញាសាចំនួន ៤ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ។ សម្រាប់អ្នកចុះឈ្មោះរួចរាល់ អាចទទួលសម្ភារៈបាន នៅថ្ងៃទី០១-០២ ខែធ្នូនេះ នៅសណ្ឋាគារ Courtyard មុនកម្មវិធីរត់ នាម៉ោង ៥ទាបភ្លឺថ្ងៃទី៣ ខែធ្នូ។ កម្មវិធីនេះដែរ ក្រៅពីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធជាច្រើន ក៏បានរួមចំណែកជួយដល់ការងារសប្បុរសធម៌ តាមរយៈមន្ទីរពេទ្យកុមារ និងអង្គការដៃគូជាច្រើនផងដែរ៕