(ភ្នំពេញ)៖ ក្រុមកីឡាប៊ីយ៉ាជម្រើសជាតិកម្ពុជា ដឹកនាំដោយលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា នារាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឈានចូលថ្ងៃទី០១ ខែធ្នូនេះ បានចេញដំណើរទៅចូលរួមការប្រកួតជើងឯកពិភពលោកប៊ីយ៉ាភូល (World championship Chinese Pool) ឆ្នាំ២០២៣ (ជុំផ្ដាច់ព្រ័ត្រ) ចាប់ពីថ្ងៃទី២-៦ ខែធ្នូខាងមុខ នៅខេត្តជាំងស៊ី ប្រទេសចិន។
លោក ម៉ារ៉ា សុជាតិ បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលក្រុមកីឡាប៊ីយ៉ាស្នូកឃ័រកម្ពុជា បានឈានដល់ជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពិភពលោកនេះ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះកាលពីថ្មីៗ។ វគ្គផ្ដាច់ព្រ័ត្រនេះ មានកីឡាករខ្លាំងៗមកពី ៥០ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត ខណៈប្រាក់រង្វាន់សរុបមានរហូតដល់ ១.៥លានដុល្លារ ក្នុងនោះម្ចាស់ជយលាភីលេខ១ នឹងទទួលប្រាក់រង្វាន់ ៥០ម៉ឺនដុល្លារឯណោះ។
ប្រធានប្រតិភូដដែលបន្ដថា ជាការកត់សម្គាល់ ក្នុងការប្រកួតនេះ សម្រាប់កីឡាករក្នុងតំបន់ នៅមានកម្រិតទាបជាងកីឡាករនានា ក្នុងទ្វីបអាស៊ី ដូចជាជប៉ុន ឥណ្ឌា អ៊ីរ៉ាក់ អ៊ីរ៉ង់ជាដើម ដែលមានកម្រិតខ្លាំងជាង ខណៈម្ចាស់ផ្ទះចិន បានឈរចាំស្រាប់នៅជុំផ្ដាច់ព្រ័ត្រ។ បែបនេះក្ដី លោកបានដាក់ក្ដីរំពឹងលើការខិតខំប្រឹងរបស់កីឡាករកម្ពុជា បន្ទាប់ពីទទួលបានបទពិសោធន៍ក្នុងការប្រកួតជម្រុះកន្លងមក នឹងធ្វើបានល្អនៅជុំផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកលទ្ធផលជូនជាតិមាតុភូមិ។
ដោយឡែកកីឡាករ ម៉ែន សុផានិត បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយកីឡាករខ្លាំងៗមកពីជុំវិញពិភពលោក បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះ និងបានសិក្សាស្វែងយល់កាន់តែច្បាស់ពីប្រភេទកីឡាប៊ីយ៉ារបស់ចិននេះ ដែលធ្វើឲ្យក្រុមកីឡាប៊ីយ៉ាស្នូកឃ័រកម្ពុជាត្រៀមខ្លួនបានកាន់តែប្រសើរ និងសង្ឃឹមថា ការប្រកួតជុំផ្ដាច់ព្រ័ត្រនេះ នឹងទទួលបានលទ្ធផលល្អប្រសើរជូនជាតិ។
ទន្ទឹមជាមួយបេសកកម្មនេះដែរ ក្នុងនាមសហព័ន្ធ លោក ម៉ារ៉ា សុជាតិ បានសំណូមពរដល់ប្រជាជនកម្ពុជា ពិសេសអ្នកស្នេហាវិស័យកីឡាកម្ពុជា ផ្តល់ការគាំទ្រ និងលើកទឹកចិត្តចំពោះវិស័យកីឡាប៊ីយ៉ាកម្ពុជាឲ្យបានច្រើនកុះករ ដើម្បីក្រុមកីឡាប៊ីយ៉ាកម្ពុជា បានបន្ដដណ្ដើមមេដាយ និងកិត្តិយសជូនជាតិបន្ថែមទៀត បន្ទាប់ពីជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្មីៗ ដែលក្រុមកីឡាប៊ីយ៉ាជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿង៕