(ម៉ាទ្រីដ)៖ អតីតកីឡាករតេន្នីសលំដាប់លេខ១ ពិភពលោក Rafael Nadal នឹងវិលត្រឡប់ចូលទីលានវិញ ក្នុងព្រឹត្តិការណ៍ Brisbane International ដែលជាការប្រកួតកម្តៅសាច់ដុំ សម្រាប់ព្រឹត្តិការណ៍ Australian Open នៅខែមករា ឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់ពីកីឡាករសញ្ជាតិអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។
ម្ចាស់ពានរង្វាន់ក្នុងកម្រិត Grand Slam ២២លើករូបនេះ មិនបានចូលរួមប្រកួតណាមួយឡើយ ចាប់តាំងពីធ្លាក់ក្នុងជុំទី២ នៃកម្មវិធី Australian Open ក្នុងឆ្នាំនេះ នៅពេលជួយបញ្ហារបួសត្រគាក។
Nadal ដំបូងឡើយរំពឹងថា នឹងអវត្តមានត្រឹម ៨ខែប៉ុណ្ណោះ មុនពេលត្រូវទទួលការវះកាត់សាច់ដុំត្រគាកនៅក្នុងខែមិថុនា។
«បន្ទាប់ពី ១ឆ្នាំអវត្តមានពីការប្រកួត វាគឺជាពេលវេលា ដើម្បីវិលត្រឡប់មកវិញ» Nadal ដែលបានឈ្នះក្នុងព្រឹត្តិការណ៍ Australian Open ក្នុងឆ្នាំ២០០៩ និងឆ្នាំ២០២២ បានលើកឡើងក្នុងវីដេអូមួយដែលបានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គម។ «វាគឺជាព្រឹត្តិការណ៍ Brisbane សប្តាហ៍ដំបូងនៃខែមករា។ ខ្ញុំនឹងជួបអ្នកនៅទីនោះ»។
កាលពីខែមុន នាយកព្រឹត្តិការណ៍ Australian Open លោក Craig Tiley បានអះអាងថា Nadal នឹងចូលរួមដណ្តើមពានរង្វាន់ក្នុងកម្រិត Grand Slam លើកដំបូងនៃឆ្នាំក្រោយ។
សូមជម្រាបថា Brisbane ដែលត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីបង្ខំចិត្តផ្អាក ៣ឆ្នាំដោយសារជំងឺកូវីដ-១៩ នោះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែធ្នូ រហូតដល់ថ្ងៃទី០៧ ខែមករា។
ដោយឡែក Australian Open នឹងធ្វើឡើងនៅទីលាន Melbourne Park ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមករាឆ្នាំក្រោយ៕