(ឡុងដ៍)៖ ក្លិបបាល់ទាត់ស្ករគ្រាប់ Everton បានដាក់ពាក្យប្តឹងតវ៉ា ចំពោះការកាត់ ១០ពិន្ទុចេញពី Premier League។ នេះបើតាមការឱ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

ក្លិបមានមូលដ្ឋាននៅទីក្រុង Liverpool មួយនេះត្រូវបានដកពិន្ទុកាលពីខែមុន បន្ទាប់ពីត្រូវបានគេរកឃើញថា បានបំពានច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) ពាក់ព័ន្ធនឹងការខាតបង់របស់ខ្លួន។

«Everton Football Club នៅថ្ងៃនេះ បានដាក់សំណើទៅកាន់ប្រធានក្រុមប្រឹក្សាចៅក្រមនៃ Premier League ដោយតវ៉ាចំពោះការសម្រេចចិត្ត ពីគណៈកម្មាធិការ Premier League ក្នុងការកាត់ ១០ពិន្ទុពីក្លិប»។ នេះបើតាមក្លិប Everton បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

«ឥឡូវនេះក្រុមប្រឹក្សាជំនុំជម្រះ នឹងត្រូវបានរៀបចំឡើង ដើម្បីកាត់ក្តីរឿងនេះ»

សូមជម្រាបថា កាលពីខែមុន Premier League បានលើកឡើងថា Everton បានបំពានច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព។ នេះជាទណ្ឌកម្មមួយ ក្នុងចំណោមទណ្ឌកម្មដ៏ធំធេងគេបំផុតរបស់ខ្លួន ចាប់តាំងពីការបង្កើតឡើងនៃលីគកំពូលអង់គ្លេស Premier League។

ការកាត់ពិន្ទុនេះបានបង្ហាញឱ្យឃើញថា Everton បានធ្លាក់ពីចំណាត់ថ្នាក់ទី១៤ ក្នុងតារាង Premier League ចូលទៅកាន់តំបន់កាត់ចោលពីលីគ ដោយមានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ ដោយក្លិបបានលើកឡើងថា «មិនសមាមាត្រ និងអយុត្តិធម៌ទាំងស្រុង»។

Everton នឹងធ្វើដំណើរទៅជួបក្លិប Nottingham Forest នៅរាត្រីថ្ងៃសៅរ៍នេះ៕