(ប៉ារីស)៖ ការលេចធ្លាយឧស្ម័នមួយត្រូវបានគេរកឃើញ នៅទីតាំងសាងសង់ភូមិអត្តពលិកអូឡាំពិក ឆ្នាំ២០២៤ (Paris 2024 Olympic Village) ស្របពេលប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach កំពុងទស្សនកិច្ចនៅតំបន់នោះនាថ្ងៃសុក្រ។ នេះបើតាមសម្តីប៉ូលិស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។
«មានការលេចធ្លាយឧស្ម័នមួយ ខ្ញុំបានប្រាប់ពួកគេមិនឱ្យមកទីនោះ» នេះបើតាមសម្តីប៉ូលិសម្នាក់បានប្រាប់សារព័ត៌មាន Reuters ខណៈលោក Bach បានដើរមកជិត ជាមួយនឹងអ្នកសារព័ត៌មានមួយក្រុម និងប្រធានព្រឹត្តិការណ៍ Paris 2024 លោក Tony Estanguet ផងដែរ។
រថយន្តពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុខាងលើ។
«យើងទទួលបានភ្លើងបៃតង សម្រាប់ការធ្វើទស្សនកិច្ចពីនាយកដ្ឋានអគ្គិភ័យ»។ នេះបើតាមសម្តីលោក Marion Le Paul អនុប្រធានក្រុមហ៊ុន SOLIDEO ដែលទទួលបន្ទុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃព្រឹត្តិការណ៍កីឡានេះ។ «ហេតុការណ៍នេះ បានកើតឡើងនៅការដ្ឋានសាងសង់ ហើយមានពិធីការយ៉ាងតឹងរឹង ដែលយើងបានអនុវត្តន៍តាម»៕