(កូរ៉េ)៖ បន្ទាប់ពីមានរឿងអាស្រូវប្រើប្រាស់គ្រឿងញឿន រហូតឈានដល់ការស៊ើបអង្កេត ពេលនេះតារាចម្រៀងប្រុសល្បីឈ្មោះ G-Dragon ត្រូវបានរាយការណ៍មកថា បានសម្រេចចិត្តចុះកិច្ចសន្យាការងារថ្មី ជាមួយក្រុមហ៊ុន Galaxy Corporation ដើម្បីបើកទំព័រថ្មីក្នុងវិថីសិល្បៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ផ្តាច់មុខពី Money Today បានឲ្យដឹងថា G-Dragon បានសម្រេចចិត្តចុះកិច្ចសន្យាផ្តាច់មុខ ជាមួយក្រុមហ៊ុន Galaxy Corporation ដែលក្រុមហ៊ុននេះទៀតសោតគឺ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ ហើយផ្តោតជាចម្បងលើ AI និង Metaverse ការអភិវឌ្ឍន៍ IP និងការផ្តល់អាជ្ញាប័ណ្ណ ប៉ុន្តែក៏ផ្តោតលើការផលិតកម្ម ការគ្រប់គ្រង និងពាណិជ្ជកម្មផងដែរ។ ពួកគេបានចូលរួមក្នុងការបង្កើត ស៊េរីដ៏ពេញនិយមដូចជា Physical: 100 និង Street Woman Fighter ជាដើម។

ប្រភពផ្ទៃក្នុងបាននិយាយថា «វាជាការយល់ឃើញរបស់ខ្ញុំ ដែល G-Dragon បានឈានដល់កិច្ចព្រមព្រៀងជាមួយសាជីវកម្ម Galaxy លើលក្ខខណ្ឌសម្រាប់កិច្ចសន្យាផ្តាច់មុខ។ ខ្ញុំរំពឹងថា នឹងមានការប្រកាសជាផ្លូវការ ក្នុងពេលឆាប់ៗនេះ»

ទោះជាបែបនេះក្តី ដំណឹងនៃការចូលក្រុមហ៊ុនថ្មីរបស់ G-Dragon គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ត្បិតមិនទាន់មានការប្រកាសជាផ្លូវការណាមួយទេ ខណៈអ្នកគាំទ្រកំពុងរង់ចាំរបាយការណ៍ផ្លូវការ៕