(ភ្នំពេញ)៖ ជាមោទនភាពដ៏អស្ចារ្យ សម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ ជាពិសេសបងប្អូនកសិកររស់នៅ ក្នុងខេត្តមណ្ឌលគិរី ពេលនេះដំណាំកាហ្វេមានក្តីសង្ឃឹមឡើងវិញ ក្រោយពីមាន «សហគ្រាសកែច្នៃកាហ្វេធម្មជាតិ» ស្ថិតនៅក្នុងខេត្តមួយនេះ ជំរុញការដាំដុះ និងវិនិយោទុនបន្ថែម ទៅលើកសិឧស្សាហកម្មមួយនេះ។

សហគ្រាសកែច្នៃកាហ្វេធម្មជាតិ បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាគម្រោង «អភិវឌ្ឍន៍ខ្សែរច្រវ៉ាក់តម្លៃកាហ្វេប្រកបដោយចីរភាព» របស់ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនក្នុងស្រុក បានទទួលទំនុកចិត្ត និងសហការរួមគ្នាជាមួយនឹងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ DFCD។

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី ប្រធានមន្ទីរខេត្ត និងអនុប្រធានមន្ទីរខេត្ត ប្រធានអង្គការ SNV ប្រធានសមាគមន៍ដាំដំណាំកាហ្វេ រួមទាំងបងប្អូនប្រជាកសិករផងដែរ។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានថ្លែងថា លោកពិតជារំភើបណាស់ ដែលមានក្រុមហ៊ុនក្នុងស្រុក ជាពិសេសក្រុមហ៊ុន ខូហ្វី បានចូលមកអភិវឌ្ឍដោយផ្ទាល់ដាំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលសមិទ្ធផលកំពុងសាងសង់ដូចជា សហគ្រាសកន្លែងកែច្នៃកាហ្វេធម្មជាតិ ដែលបានដាក់សម្ពោធនេះ ជាសាក្ខីភាពមួយដ៏អស្ចារ្យ ។

ជាមួយគ្នានេះលោកបានបញ្ជាក់ថា បើតាមទិន្នន័យនៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះគ្រាប់កាហ្វេមានការកើនឡើងជាអតិបរិមា ដោយផលិតផលផ្លែកាហ្វេស្រស់ ឬផ្លែកាហ្វេឆៅ ចម្រុះ មានការកើនឡើងជាអតិបរមា ចន្លោះពី១៣៥០រៀល ទៅ១៥០០រៀលនៅក្នុងឆ្នាំ។ រីឯផ្លែកាហ្វេលេខ១ មានការកើនឡើងខ្លាំងរហូតដល់តម្លៃ ២២០០រៀលក្នុង១គីឡូក្រាម និងផ្លែកាហ្វេលេខ២ មានតម្លៃ ១៨០០រៀលក្នុង១គីឡូក្រាម ហើយផ្លែកាហ្វេលេខ៣ មានតម្លៃ ១៥០០រៀលក្នុង១គីឡូក្រាម ដែលជាទិន្នន័យមួយមានការកើនឡើង និងល្អប្រសើរជាងឆ្នាំមុនៗ។

លោក ឆាយ មុនី នាយកគ្រប់គ្រងហិរញ្ញវត្ថុ នៃក្រុមហ៊ុន ខូហ្វី បានថ្លែងឲ្យដឹងថា លោកឃើញថា គម្រោងកំពុងតែដំណើរការទៅមុខមួយកម្រិតទៀត ដោយសម្រេចបាននូវសមិទ្ធផលកន្លែងកែច្នៃកាហ្វេធម្មជាតិ ក្នុងគោលបំណងជាកន្លែងប្រមូលទិញទិន្នផលកាហ្វេពីប្រជាកសិករ និងធ្វើការកែច្នៃឲ្យមានគុណភាពប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៅទៀត កន្លងមកនេះក្រុមហ៊ុនក៏បានបានធ្វើការជាមួយប្រជាកសិករជាច្រើនរួចមកហើយ ជាពិសេសទៅលើ កិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងរយៈពេល២ឆ្នាំ ដើម្បីប្រមូលទិញយកគ្រាប់កាហ្វេស្រស់ ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ  ការចុះចែកកូនពូជកាហ្វេ និងបង្កើតសិក្ខាបទបង្រៀនអំពីការដាំដុះកាហ្វេជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ខូហ្វី ក៏បានសិក្សាស្រាវជ្រាវបន្ថែមទៀត ទៅលើគម្រោងមួយនេះដូចជា៖ សិក្សាស្រាវជ្រាវបណ្តុះកូនពូជកាហ្វេ ដែលបន្សាំខ្លួនទៅនឹងបម្រែបម្រួល អាកាសធាតុជាមួយអ្នកជំនាញ ការដាំដុះតាមបច្ចេកទេសថ្មី ឲ្យល្អប្រសើរជាងមុន ការបង្កើតចំការកាហ្វេគំរូ និងកន្លែងបណ្តុះកូនកាហ្វេ ហើយក៏បានសិក្សាអំពីហានិភ័យនៃការកាប់បំផ្លាយព្រៃ និងការគ្រប់គ្រងលើហានិភ័យ ក្រៅពីនេះក៏បានសិក្សាទៅលើការប៉ះពាល់បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ និងសិក្សាទៅលើសមភាពយេនឌ័រ និងការរួមបញ្ចូលសង្គមផងដែរ។

តួយ៉ាងនាពេលបច្ចុប្បន្ននេះ ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី កំពុងដាំដុះភាគច្រើនដោយជនជាតិដើមភាគតិចភ្នង ដែលមានទិន្នផលនិងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេលប្រមូលផល។ ការកែឆ្នៃពីគ្រាប់កាហ្វេទុំ មកជា គ្រាប់កាហ្វេឆៅ ឬ គ្រាប់កាហ្វេបៃតង ត្រូវបានធ្វើឡើងតាមទម្លាប់ពីមុនៗមកតាមគ្នា និង ដោយផ្ទាល់ដៃ ដែលជាហេតុផល ធ្វើឲ្យគុណភាពធ្លាក់ចុះ ហើយត្រូវប្រើប្រាស់កំលាំងពលកម្ម។  

នាយកគ្រប់គ្រងហិរញ្ញវត្ថុ លោក ឆាយ មុនី ក៏បានបញ្ចាក់បន្ថែមផងដែរថា បន្ទាប់ពីការសម្ពោធសហគ្រាសកែច្នៃកាហ្វេធម្មជាតិ ខូហ្វី នេះរួចការសហការគ្នារវាងក្រសួងកសិកម្ម និងក្រុមហ៊ុន ខូហ្វី ដែលមានអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ DFCDទៅលើគម្រោង «អភិវឌ្ឍន៍ខ្សែរច្រវ៉ាក់តម្លៃកាហ្វេ ប្រកបដោយចីរភាព » ពិតជាអាចជួយឲ្យប្រជាកសិករ ដែលដាំដំណាំកាហ្វេមានក្តីសង្ឈឹមឡើងវិញ និងបន្តដាំដើមកាហ្វេឲ្យបានច្រើនតាមរយៈការជួយជំរុញ និងបណ្តុបណ្តាលបន្ថែមពីក្រុមហ៊ុន និងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងសហការជាមួយនឹងអ្នកជំនាញកាហ្វេពីបរទេស ដើម្បីអភិវឌ្ឍន៍ដំណាំកាហ្វេ និងអាចលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាកសិករដាំកាហ្វេខ្នាតតូច ឲ្យមានភាពប្រសើរឡើង ដើម្បីបង្កើនគុណភាពកាហ្វេមណ្ឌលគីរី ឲ្យមានគុណភាពខ្ពស់ស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាកសិករដាំកាហ្វេខ្នាតតូចឲ្យមានភាពប្រសើរឡើង៕

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់គេហទំព័រ www.kofi.com.kh