(ឡុងដ៍)៖ អតីតអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ លោក Chris Coleman ជាបេក្ខជនកំពុងនាំមុខគេ ក្នុងការស្នងតំណែងលោក Stephen Kenny ជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

អៀរឡង់ មិនមានអ្នកចាត់ការនោះទេ ចាប់តាំងពីអាណត្តិរយៈពេល ៣ឆ្នាំរបស់លោក Kenny បានបញ្ចប់កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Coleman ដែលធ្លាប់បានទទួលការកោះហៅ ៣២លើក លេងឱ្យក្រុមជម្រើសជាតិវែលស៍ ក្នុងតួនាទីជាខ្សែការពារកណ្តាលនោះ បានដឹកនាំក្រុមជម្រើសជាតិប្រទេសរបស់លោក ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០១៦ អំឡុងពេលលោកមានតួនាទីជាអ្នកចាត់ការ ចន្លោះឆ្នាំ២០១២ ដល់២០១៧។

អតីតអ្នកចាត់ការក្លិប Fulham និងក្លិប Sunderland រូបនេះ មិនមានការងារធ្វើនោះទេ ចាប់តាំងពីចាកចេញពីក្លិបក្រិក Atromitos កាលពីខែតុលាឆ្នាំមុន។

​លើកឡើងកាលពីដើមខែនេះ នាយកផ្នែកបាល់ទាត់ របស់សមាគមបាល់ទាត់អៀរឡង់ លោក Marc Canham បានឱ្យដឹងថា សមាគមរំពឹងថា នឹងប្រកាសពីគ្រូបង្គោលថ្មីនៅពេលឆាប់ៗនេះ។

គួរជម្រាបថា អតីតអ្នកចាត់ការក្លិប Celtic លោក Neil Lennon និងលោក Lee Carsley ដែលជាគ្រូបង្វឹកក្រុម U-21 អង់គ្លេស និងធ្លាប់ជាខ្សែបម្រើក្រុមអៀរឡង់ដែរនោះ ពួកគេទាំងពីរនាក់ ក៏ស្ថិតក្នុងព័ត៌មានពាក់ព័ន្ធនឹងបេក្ខជន សម្រាប់តំណែងអ្នកចាត់ការក្រុមអៀរឡង់ផងដែរ៕