(បរទេស)៖ ទីបំផុតអតីតបុគ្គលិកក្រុមហ៊ុន X (ពីមុនត្រូវបានគេស្គាល់ថាជា Twitter) ដែលធ្វើការនៅរដ្ឋធានី Accra ប្រទេសហ្គាណា ឥឡូវនេះទទួលបានប្រាក់បំណាច់របស់ពួកគេហើយ បន្ទាប់ពីត្រូវបានបញ្ឈប់ការងារអស់រយៈពេលជាង ១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា អតីតបុគ្គលិក X ជាច្រើនបានរងការបញ្ឈប់ពីការងារនៅក្នុងខែវិច្ឆកា ឆ្នាំ២០២២ ប៉ុន្មានសប្តាហ៍បន្ទាប់ពីកំពូលមហាសេដ្ឋីលោក Elon Musk ទិញយកក្រុមហ៊ុន X បានសម្រេច។ តែយ៉ាងណាក្នុងរបាយការណ៍នោះមិនត្រូវបានប្រភពគូសបញ្ជាក់ពីចំនួនបុគ្គលិកជាក់លាក់ដែលរងផលប៉ះពាល់នៃការបញ្ឈប់ការងារនោះឡើយ។

អតីតបុគ្គលិកក្រុមហ៊ុន X ជាច្រើនបានរងផលប៉ះពាល់ជាខ្លាំង ក្រោយការបញ្ឈប់ពីការងារភ្លាមៗក្នុងចំណោមបុគ្កលិកទាំងនោះបានប្រាប់ទៅ BBC ថាពួកគេត្រូវក្រុមហ៊ុន X សន្យាថា នឹងបង់ប្រាក់បំណាច់ខែចុងក្រោយ ទៅកាន់ពួកគេ រួមទាំងប្រាក់បំណាច់ឆ្នាំសងជំងឺចិត្តិផងដែរ។ ប៉ុន្តែពួកគេត្រូវបានក្រុមហ៊ុនបិទអ៊ីមែលភ្លាមៗ ហើយមិនមានការបើកប្រាក់ខែឱ្យនោះឡើយ សូម្បីតែប្រាក់ខែនៃខែចុងក្រោយដែលពួកគេបានធ្វើការក៏ដោយ។

គួរជម្រាបដែរថា ជោគជ័យនេះគឺបានមកពីទីភ្នាក់ងារ Seven Seven ដែលជាក្រុមហ៊ុនផ្តល់តំណាងផ្នែកច្បាប់ដល់បុគ្គលិក នឹងបានទាមទារកប្រាក់សំណងមកវិញ ថែមទាំងទាមទាការចំណាយធ្វើមាតុភូមិនិវត្តន៍សម្រាប់បុគ្គលិកបរទេសផងដែរ។ តែយ៉ាងណាជុំវិញចំនួននៃការទូទាត់សងសំណងនេះមិនត្រូវបានបញ្ចេញនោះឡើយ ខណៈដែលសារព័ត៌មាន BBC កំពុងព្យាយាមទាក់ទងទៅក្រុមហ៊ុន X ដើម្បីទទួលបានការធ្វើអត្ថាធិប្បាយលម្អិត៕