(អង់គ្លេស)៖ ក្លិបលីគអង់គ្លេស Crystal Palace បានសម្រេចជ្រើសតែងតាំងលោក Olvier Glasner ក្នុងតួនាទីអ្នកចាត់ការក្រុមជំនួបលោក Roy Hodgson ដោយមានកិច្ចសន្យារហូតដល់បញ្ចប់រដូវកាល២០២៥-២៦ អាចត្រូវប្រកាសតែងតាំងជាផ្លូវការនៅបញ្ចប់រដូវកាលនេះ។

ប្រភពពី BBC បានឲ្យដឹងថា បរុសមានវ័យ ៤៦ឆ្នាំ ជាអតីតគ្រូក្លិប Eintracht Frankfurt ដែលលើកពាន Europa League 2021-22 ខណៈលោក Roy Hodgson បានលាលែងពីតំណែងនេះកាលពីថ្ងៃចន្ទ ក្រោយពេលដឹកនាំក្រុមឈរនៅលេខរៀងទី១៥ បន្ទាប់ពីលេងចាញ់ ១០លើកក្នុង ១៧ប្រកួតកន្លងមកនេះ ។

លោក Glasner ត្រូវដឹកនាំក្រុម Crystal Palace បន្តលេងប៉ះក្រុម Burnley ក្នុងសប្តាហ៍ទី២៦ នឹងជួបក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលគេយល់ឃើញថា ស្ថិតក្រោមការដឹកនាំរបស់លោក Glasner អាចផ្លាស់ប្តូរទម្រង់លេងទៅជា (៣-៤-៣) ខណៈពួកគេនៅសល់តែការប្រជែងពានលីគកំពូលនេះប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយកំពុងរកបាន ២៥ពិន្ទុជាបណ្តោះអាសន្ន។

រំលឹកផងថា លោក Olvier Glasner ធ្លាប់ដឹកនាំក្រុមអាជីប SV Ried, LASK, VfL Wolfsburg, Eintracht Frankfurt និងមានស្ថិតិពីការដឹកនាំក្រុម Eintracht Frankfurt ចំនួន ៩៧ប្រកួត ៣៨ប្រកួតមុនពេលចាកចេញនៅឆ្នាំ២០២៣៕