(បរទេស)៖ ក្លិបបាល់ទាត់ពពកស Napoli បានឈានដល់ផ្លូវបំបែកជាមួយគ្រូបង្វឹក លោក Walter Mazzarri ដែលទើបដឹកនាំមានរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ដោយបានតែងតាំងលោក Francesco Calzona ស្នងតំណែង ជំនួសវិញ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា លោក Mazzarri បានដឹកនាំអតីតក្រុម ជើងឯក Serie A រដូវកាលមុនជំនួសកៅអីលោក Rudy Carcia កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេល Napoli បានកំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៩ ក្នុងលីគផងដែរ។

ជាមួយគ្នានោះ លោក Aurelio de Laurentiis ម្ចាស់ក្លិប Napoli បានថ្លែងអំណរគុណលោក Mazzarri ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមកដែរ ក្នុងខណៈរបាយការណ៍នៅប្រទេសអ៊ីតាលីចេញផ្សាយថា គ្រូបង្វឹកថ្មីលោក Calzona បានចុះកិច្ចសន្យាដឹកនាំរហូតដល់បំណាច់រដូវកាលនេះ ក្នុងខណៈដែលរូបលោកកំពុងដឹកនាំក្រុមជម្រើសជាតិស្លូវ៉ាគីនៅឡើយដែរ។

លោក Calzona ដែលធ្លាប់ធ្វើជាជំនួយការនៅក្លិប Napoli ជំនាន់គ្រូបង្វឹក Maurizio Sarri និង Luciano Spalletti ផងនោះ នឹងដឹកនាំក្រុមមួយនេះប្រកួតជើងទី១ នៃវគ្គ ១៦ក្រុម Champions League ទល់នឹង FC Barcelona នៅរាត្រីថ្ងៃពុធស្អែកនេះ៕