(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហការជាមួយសាកលវិទ្យាល័យវិទ្យាស្ដ្រកីឡា (NIP) បានរៀបចំសិក្ខាសាលាស្ដីពីការលើកកម្ពស់ការអប់រំ គ្រូអប់រំកាយ (PETE) និងកីឡាសម្រាប់ជនមានពិការភាព (SPD) ដើម្បីលើកកម្ពស់សកម្មភាពកីឡាកាន់តែទូលំទូលាយ ក្នុងក្របខណ្ឌតំបន់អាស៊ានទាំងមូល។

ពិធីបើកសិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានេះមានរយៈពេល ៤ថ្ងៃ ដោយមានសិក្ខាកាមចូលរួមសរុប ៤១នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដូចជាមីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ សិង្ហបុរី ឡាវ ឥណ្ឌូនេស៊ី ប្រ៊ុយណេ វៀតណាម ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។

លោក សាមឺឌី ស៊ីវឌ្ឍនា បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្ពុជារៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង បន្ទាប់ពីគម្រោងនេះត្រូវបានពន្យាពេលជាយូរ ដោយសារបញ្ហាកូវីដ-១៩។ ដោយមានកិច្ចសហការពីភាគីជប៉ុន ទើបជំរុញឲ្យសមាគមអាស៊ាន រៀបចំ និងចូលរួមសិក្ខាសាលានេះ ដើម្បីបង្កើតលក្ខណៈប្រវត្តិសាស្ដ្រថ្មីមួយ នៃសមាគមអាស៊ានទាំងមូល ក្នុងការរួមគ្នាសម្រាប់កីឡាទៅថ្ងៃអនាគត ដោយបង្កើតឲ្យបាននូវទិន្នន័យរួមមួយថា តើអ្វីទៅជាការអប់រំកាយ និងកីឡា សម្រាប់ប្រជាពលរដ្ឋទូទៅ និងជនមានពិការភាព?

ដូច្នេះគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីផែនការសកម្មភាព ស្ដីពីការលើកកម្ពស់ការអប់រំ គ្រូអប់រំកាយនៅកម្ពុជាឲ្យបានទូលំទូលាយ ដល់មន្ដ្រីជំនាញអប់រំកាយ និងកីឡា និងយល់ដឹងពីផែនការសកម្មភាពរបស់អាស៊ាន។ លើសពីនេះ ភាគីជប៉ុន ក៏គ្រោងរៀបចំសិក្ខាសាលានេះ លើកទី២ នៅខេត្តសៀមរាប ដើម្បីប្រមូលឲ្យបានទិន្នន័យរួម សម្រាប់ជំរុញកីឡាក្នុងតំបន់ឲ្យដើរផ្លូវតែមួយ ហើយក្លាយជាពលរដ្ឋគំរូមួយក្នុងតំបន់ ក្នុងការជួយដឹកនាំ និងជំរុញវិស័យអប់រំកាយ និងកីឡា ទៅថ្ងៃអនាគត។

រដ្ឋលេខាធិការក្រសួងអប់រំដដែលបន្ដថា «ការអប់រំកាយ និងកីឡានេះ គឺមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋទូទៅ មិនថាបងប្អូនជនមានពិការភាព ជាក់ស្ដែងក្រោយចប់ថ្នាក់ទី១២ សិស្សទាំងអស់ អាចទៅចូលរៀនជំនាញនេះបាន ដើម្បីជំរុញឲ្យវិស័យអប់រំកាយ និងកីឡា កាន់តែរីកចម្រើនក្នុងសាលារៀន ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានជំរុញឲ្យមានការរៀបចំជាសាលាគំរូ ដើម្បីឲ្យសាលាគំរូក្លាយជាតំណាងមួយ រុញឲ្យវិស័យអប់រំកាយទទួលបានជោគជ័យ សម្រាប់យុវជនក្នុងលេងកីឡាប្រចាំជីវិត និងជំរុញវិស័យកីឡាឲ្យកាន់តែរីកចម្រើនផងដែរ»