(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីឈានមុខរបស់ចិន BYD នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Qin Plus MD-i ជាមួយតម្លៃទាបបំផុត ពោលគឺត្រឹម ១១,០៩០ដុល្លារប៉ុណ្ណោះ។ ខណៈការកំណត់តម្លៃទាបទ្វេដងនេះ គឺដើម្បីរក្សាការប្រកួតប្រជែងទីផ្សាររថយន្តអគ្គីសនីរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

BYD ត្រូវបានគេមើលឃើញថា កំពុងតែក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានចំណែកទីផ្សារខ្ពស់បំផុត នៅលើទីផ្សារសកលដោយនាំមុខទាំងក្រុមហ៊ុន Tesla ថែមទៀតផង។ ងាកមករថយន្តម៉ូដែលថ្មីនេះ គឺជាម៉ូដែលថ្មីចុងក្រោយរបស់ BYD ដែលមានការឌីស្សាញជាមួយនិងរូបរាងថ្មី និងមានការបំពាក់នូវបច្ចេកវិទ្យាទំនើបទៀតផង ជាមួយតម្លៃចាប់ផ្តើម ៧៩,៨០០យន់ (១១,០៩០ដុល្លារ) ពោលគឺតម្លៃទាបជាងម៉ូដែលមុនៗរហូតដល់២០%។

គួរជម្រាបថា រថយន្តអគ្គសនី BYD Qin Plus ត្រូវបានគេឃើញថា បានលេចធ្លាយរូបភាពតាំងពីខែកញ្ញាឆ្នាំមុនម្តងរួចមកហើយ។ សម្រាប់ម៉ូដែល DM-i គឺមានចំនួន ៥ជម្រើសផ្សេងគ្នា។ ជាមួយនិងការប្រកាសចេញនូវម៉ូដែលថ្មីៗទាំងនេះ ក្រុមហ៊ុន BYD មានគោលបំណងធំ ដោយចង់បញ្ជាក់ថា នៅពេលនេះ គឺជាយុគសម័យនៃរថយន្តអគ្គសិនីហើយ៕