(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «តេជោលីគ» ឆ្នាំ២០២៣-២០២៤ បានទទួលជោគជ័យយ៉ាងផុសផុល ទាំងដំណើរការរៀបចំ និងការគាំទ្រ។ ជោគជ័យនេះ បានក្លាយជាមោទនភាពថ្មីមួយទៀត សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា តែក៏ជាអំរែកកាន់តែធ្ងន់សម្រាប់សហព័ន្ធដែរ។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ក្រោយពានបាល់ទះ «តេជោលីគ» បានរកឃើញក្រុមជយលាភី ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥សប្ដាហ៍ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមខ្លាំងវិសាខា ៣-១ (សិត) កាលពីចុងសប្ដាហ៍កន្លងទៅ។

ថ្នាក់ដឹកនាំសហព័ន្ធរូបនេះបានគូសបញ្ជាក់ថា តេជោលីគ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយ ដែលកម្ពុជាបានរៀបចំការប្រកួតជាលក្ខណៈលីគផ្លូវការ និងមានការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះពិភពលោក សហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី និងសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍។ ការបោះជំហានថ្មីនេះ តេជោលីគ បាននាំនូវកិត្យានុភាពជាតិលើវិស័យបាល់ទះឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។

ការបង្ហាញសុទិដ្ឋនិយមបែបនេះ ក៏ព្រោះការប្រកួតចាប់ពីថ្ងៃដំបូង ដល់ថ្ងៃបញ្ចប់ គឺមានទស្សនិកចូលរួមទស្សនាយ៉ាងច្រើន ដែលសរុបពេញមួយព្រឹត្តិការណ៍ មានអ្នកទស្សនាផ្ទាល់រាប់សែននាក់ ដោយមិនទាន់គិតប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស រួមទាំងបណ្ដាប្រទេសជិតខាង ដែលទស្សនាតាមរយៈការផ្សព្វផ្សាយផ្សេងៗ។ ដូច្នេះគឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយ ដែលអ្នកគាំទ្រអាចវាយតម្លៃបាន បើធៀបនឹងលីគបណ្ដាប្រទេសផ្សេងៗ។

លោកបន្ដថា «ពេលយើងរៀបចំព្រឹត្តិការណ៍លំដាប់លីគ មានបងប្អូនប្រជាពលរដ្ឋមកទស្សនាយ៉ាងច្រើនកុះករ ទី១-អាចបង្ហាញពិភពលោកបានស្គាល់ថា អ្នកស្នេហាវិស័យបាល់ទះកម្ពុជា គឺលើសលប់ ទី២-គឺការផ្ដល់តម្លៃត្រឡប់មកវិញ ដល់មន្ដ្រីសហព័ន្ធ ដែលយើងបានដាក់ចិត្តដាក់កាយធ្វើកំណែទម្រង់ ធ្វើឲ្យបងប្អូនជនរួមជាតិគាត់ទទួលស្គាល់ ពីសុក្រឹត្យភាពរបស់អាជ្ញាកណ្ដាលកាត់សេចក្ដី ហើយលុបបំបាត់គំនិតអវិជ្ជមានលើអាជ្ញាកណ្ដាល ដែលបងប្អូនធ្លាប់គិតពីមុនថា អាជ្ញាកណ្ដាលតែងលម្អៀងទៅលើក្រុមនេះក្រុមនោះ»

មន្ដ្រីជំនាញដដែលសង្កត់ធ្ងន់ថា «ទាំងនេះ មិនមែនជាមោទនភាព ហើយធ្វើឲ្យយើងភ្លេចខ្លួនក្នុងការធ្វើឲ្យការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋរំសាយទៅវិញនោះទេ ផ្ទុយទៅវិញ ជាអំរែកត្រូវដាក់លើស្នា ដែលធ្វើឲ្យថ្នាក់ដឹកនាំសហព័ន្ធ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំដទៃទៀត គឺត្រូវតែពង្រឹងសមត្ថភាពពីការដឹកនាំ ពង្រឹងពីការគ្រប់គ្រងព្រឹត្តិការណ៍រៀបចំការប្រកួត និងពង្រឹងពីវិស័យធនធានមនុស្ស ដែលមានអាជ្ញាកណ្ដាល គ្រូបង្វឹក និងកីឡាករជាដើម»

«អ៊ីចឹងមិនមែនជារឿងសាមញ្ញនោះទេ យើងកំពុងតែទូលថ្មកាន់តែធ្ងន់ទៅៗហើយ មកដល់ពេលនេះ ហើយខ្ញុំជឿជាក់ថា ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចលនាធ្វើឲ្យពួកយើង សុខចិត្តរែកអំរែកដ៏ធ្ងន់មួយនេះ ដើម្បីផ្គប់ចិត្តបងប្អូនប្រជាពលរដ្ឋទាំង ១៧លាននាក់»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។

សូមរំឮកថា ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ដែលជាការប្រកួតលីគអាជីពលើកដំបូងនេះ បានបើកការប្រកួតផ្លូវការកាលពីថ្ងៃទី១២ ខែមករា និងបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានបេក្ខភាព ៨ក្រុមចូលរួម។ ជាលទ្ធផល គឺក្រុមបញ្ជាការដ្ឋានអង្គរ បានគ្រងជើងឯក អមប្រាក់រង្វាន់ ៦០លានរៀល គ្រាដែលក្រុមវិសាខា ជាប់លេខ២, ក្រុមស្នងការរាជធានីភ្នំពេញ ជាប់លេខ៣ និងក្រុមក្រសួងមហាផ្ទៃ ជាប់លេខ៤ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០លានរៀលស្មើៗគ្នា៕