(បរទេស)៖ សហភាពអឺរ៉ុបបានប្រកាសជាផ្លូវការថា នឹងចាប់ផ្តើមបើកការស៊ើបអង្កេតថាតើ កម្មវិធីវីដេអូខ្លីៗ TikTok របស់ក្រុមហ៊ុន ByteDance បានបំពានច្បាប់មាតិកាអនឡាញរបស់ខ្លួនឬអត់ ខណៈការចាត់វិធានការលើក្រុមហ៊ុន TikTok នៅពេលនេះ គឺមានគោលបំណងការពារកុមារ និងធានាថាការផ្សាយពាណិជ្ជកម្ម ក៏ដូចជាការបង្ហោះវីដេអូនានាលើកម្មវិធីនេះ គឺប្រកបដោយតម្លាភាព។ ប្រសិនបើរកឃើញថា TikTok ពិតជាបានបំពានច្បាប់របស់សហភាពអឺរ៉ុបពិតមែន ក្រុមហ៊ុននេះគឺប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសរព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Thierry Breton ដែលជាស្នងការនិយតកម្មរបស់សហភាពអឺរ៉ុប បានបង្ហោះលើបណ្តាញសង្គម X ថា លោកបានសម្រេចចិត្តបើការស៉ើបអង្កេត បន្ទាប់ពីការវិភាគរបាយការណ៍វាយតម្លៃហានិភ័យរបស់កម្មវិធីវីដេអូខ្លីៗនេះ។ លោកបន្តថា «ថ្ងៃនេះយើងបើកការស៊ើបអង្កេតលើ TikTok ជុំវិញការសង្ស័យថាមានការរំលោភលើតម្លាភាព និងកាតព្វកិច្ច ក្នុងន័យការពារអនីតិជនពីការកេងប្រវ័ញ្ចនានា»។ បើតាមច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) ដែលអនុវត្តចំពោះវេទិកាអនឡាញទាំងអស់ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ តទៅ គឺទាមទារជាពិសេសចំពោះវេទិកាអនឡាញដ៏ធំ និងក្រុមហ៊ុនបច្ចេកវិទ្យានានា ឲ្យធ្វើការបន្ថែមទៀត ដើម្បីដោះស្រាយខ្លឹមសារអនឡាញខុសច្បាប់ និងទប់ស្កាត់ឲ្យវាបាននូវហានិភ័យចំពោះសន្តិសុខសាធារណៈ។

យ៉ាងណាមិញ ជុំវិញករណីនេះ ក្រុមហ៊ុនមេ TikTok គឺ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលសកលរបស់ខ្លួន ប្រសិនបើ TikTok ត្រូវបានរកឃើញថា មានកំហុសពីបទបំពានច្បាប់ DSA មែននោះ។ ខណៈអ្នកនាំពាក្យក្រុមហ៊ុន TikTok បាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយអ្នកជំនាញ ដើម្បីការពារមនុស្សវ័យក្មេងនៅលើវេទិការបស់ខ្លួនប្រកបដោយសុវត្ថិភាព ហើយថាខ្លួនទន្ទឹងរង់ចាំការពន្យល់អំពីការងារនេះយ៉ាងលម្អិតទៅកាន់គណៈកម្មការអឺរ៉ុប។

គួរជម្រាបថា ការស៊ើបអង្កេតនឹងផ្តោតលើការរចនា System របស់ TikTok រួមទាំងប្រព័ន្ធដែលកម្មវិធីនេះ ជំរុញអ្នកទស្សនាតាមរយៈខ្លឹមសារនៃវីដេអូបែបណាខ្លះ។នេះជាការស៊ើបអង្កេតលើកទីពីរហើយរបស់ DSA បន្ទាប់ពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Elon Musk ត្រូវបានស៉ើបអង្កេតកាលពីខែធ្នូ ឆ្នាំមុន៕