(បរទេស)៖ ប្រធានក្រុមហ៊ុនសូហ្វវែលយក្សរបស់អាមេរិក លោក Brad Smith បានឱ្យដឹងថា ក្រុមហ៊ុន Microsoft នឹងពង្រីកប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត (AI) និងហេដ្ឋារចនាសម្ព័ន្ធ Cloud នៅក្នុងប្រទេសអេស្ប៉ាញ តាមរយៈការវិនិយោគចំនួន ២.១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន Microsoft អំពីការវិនិយោគដែលផ្តោតលើ AI ចំនួន ៣.២ពាន់លានអឺរ៉ូ (ស្មើនឹង ៣.៤៥ពាន់លានដុល្លារ) នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់រយៈពេលពីរឆ្នាំខាងមុខ។ តែយ៉ាងណាទាក់ទិនទៅនឹងព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុន Microsoft នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters សម្រាប់ព័ត៌មានបន្ថែមស្តីពីការវិនិយោគនៅក្នុងប្រទេសអេស្ប៉ាញនោះទេ។

តាមការគូសបញ្ជាក់របស់លោក Smith បានអះអាងថា «ការវិនិយោគរបស់យើង គឺលើសពីការកសាងមជ្ឈមណ្ឌលទិន្នន័យ វាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរយៈពេល ៣៧ឆ្នាំរបស់យើងចំពោះប្រទេសអេស្ប៉ាញទាំង សុវត្ថិភាព និងការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជនរបស់អេស្ប៉ាញទាំងមូលផងដែរ»