(ភ្នំពេញ)៖ ភាពសាំញ៉ាំអាចនឹងធ្វើឱ្យយើងធុញថប់ ពេលក្រោយពេលអ្នកមានគម្រោងសម្អាតផ្ទះ ត្រូវដាក់អាទិភាពលើវត្ថុទាំង៤ នេះ ៖

១. ទូរទឹកកកចាស់៖ យើងតែងតែលឺគេនិយាយថា “ប្រើទាល់តែដាំខ្ទឹម ប្រើទាល់តែអស់លទ្ធភាព”។ វាគឺជារឿងសមហេតុផល ប៉ុន្ដែទូរទឹកកក និងសម្ភារៈធ្វើអោយត្រជាក់មួយចំនួនកាន់តែចាស់ វានិងថមថយភាពត្រជាក់របស់វា។

សាកក្រឡេកមើលទូរទឹកកក ដែលបានប្រើតាំងពីអ្នកកើត រហូតដល់អាយុកាល២០ឆ្នាំមើល ហើយសួរខ្លួនឯងថា៖
• តើអ្នកចង់ទុកប្រើទៀតទេ បើអ្នកត្រូវបង់ថ្លៃភ្លើងអស់ជាច្រើនជារៀងរាល់ខែនោះ?
ទូរទឹកកកចាស់ៗដែលមិនមានការថែទាំជាប្រចំាគឺស៊ីភ្លើងច្រើនជាងទូរទឹកកកថ្មីដែរមានមុខងារសន្សំសំចៃភ្លើង។ ក្រោយពេលអ្នកទិញទូរទឹកកករួច អ្នកនឹងត្រូវប្រើវា២៤ម៉ោងពេញមួយសប្ដាហ៍ ហេតុដូចនេះហើយ កុំភ្លេចគិតពីការចំណាយផង។ ម្យ៉ាងវិញទៀត ការចំណាយលើភ្លើងអាចអស់តិច បើអ្នកប្រើទូរទឹកកថ្មី ដែលអាចឱ្យអ្នកសន្សំបានច្រើន។

• តើអាចថែទាំបានទេ?
វាគ្មានអ្វីជាអាថ៌កំបាំងទេ ទូរទឹកកកចាស់ៗដែលមិនបានថែទាំត្រឹមត្រូវ អាចលេចធ្លាយសារធាតុត្រជាក់ (ហ្គាស) ហើយអាចបំផ្លាញស្រទាប់អូហ្សូន និងបង្កឱ្យមានការប្រែប្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងអន្តរជាតិ ដែលគេស្គាល់ថា ពិធីសារម៉ុងរ៉េអាល់ គ្រប់គ្រងការធ្វើពាណិជ្ជកម្មឧស្ម័នគ្រោះថ្នាក់ដែលធ្វើឱ្យខូចដល់ស្រទាប់អូហ្សូន។ឧស្ម័នទាំងនេះត្រូវបានគេស្គាល់ថាជាសារធាតុបំផ្លាញស្រទាប់ អូហ្សូនផងដែរ។ គ្រប់ប្រទេសទាំងអស់ ត្រូវបានហាមឃាត់ការនាំចូលសារធាតុបំផ្លាញស្រទាប់ អូហ្សូន ហើយឧស្ម័នហាមឃាត់ទាំងនោះនឹងលែងមាននៅលើទីផ្សារទៀតហើយ។ ឧទាហរណ៍ បើសិនជាទូរទឹកកកចាស់ៗរបស់អ្នកប្រើសារធាតុ CFC-12 ដែលហាមឃាត់ការនាំចូលតាំងពីឆ្នាំ២០១០ មកនោះ មានន័យថា ជាងជួសជុលទូរទឹកកកប្រហែលជាមិនអាចស្វែងរកហ្គាសប្រភេទនោះបានទៀតទេ។ ប្រហែលដល់ពេលដែលអ្នកត្រូវជួបជាមួយអ្នកជំនាញ ឬទៅហាងលក់សម្ភារៈអេឡិចត្រូចនិចដែលនៅជិតហើយទិញថ្មីតែម្តង!

• តើវាប៉ះពាល់ដល់បរិស្ថានដែរឬទេ?
ត្រូវចងចាំថាទូរទឹកកកចាស់ៗ ដែលប្រើហ្គាសបង្កគ្រោះថ្នាក់ នឹងប៉ះពាល់ដល់បរិស្ថាននៅពេលដែលបញ្ចេញទៅក្នុងខ្យល់ ហើយនឹងប៉ះពាល់ដល់សុខភាពរបស់យើងនៅពេលអនាគត។ តើអ្នកនៅតែចង់ទុកវាក្នុងផ្ទះទៀតមែនទេ?
អត្ថប្រយោជន៍៖ សន្សំសំចៃភ្លើងប្រចាំខែ ងាយស្រួលក្នុងការថែទាំ អាចទុកចិត្តបាន។

• របៀបបោះចោលឱ្យបានត្រឹមត្រូវ៖ អ្នកត្រូវពិនិត្យមើលតម្រូវការក្នុងការបោះចោលជាមួយអាជ្ញាធរមូលដ្ឋាន។ អ្នកត្រូវយកទូរទឹកកកចាស់ៗទៅទីតាំងដែលបានកំណត់នៅក្នុងតំបន់ ឬទាក់ទងទៅក្រុមហ៊ុនដឹកជញ្ជូនសំរាមឱ្យជួយអ្នក។
មិនត្រូវ៖ បោះចោលនៅកន្លែងចាក់សំរាម រុះរើ ឬដោះបំបែកដោយខ្លួនឯង

២. ម៉ាស៊ីនត្រជាក់ចាស់ៗ៖ បោះចោលទូរទឹកកកហើយមែនទេ? ឥឡូវនេះដល់ពេលដែលត្រូវដោះស្រាយជាមួយម៉ាស៊ីនត្រជាក់ចាស់ៗរបស់ អ្នកវិញម្តងហើយ ជាពិសេសនៅកន្លែងដែលមានអាកាសធាតុក្តៅ។ វាមិនសូវខុសគ្នាប៉ុន្មានទេ ម៉ាស៊ីនត្រជាក់ កាន់តែថ្មី ប្រើបច្ចេកវិទ្យាក៏កាន់តែទំនើបដែរ។ វាត្រូវបានបង្កើតឡើងឱ្យស៊ីភ្លើងតិច ហើយរក្សាបាននូវការបញ្ចេញ សមត្ថភាពត្ររជាក់ដ៏អស្ចារ្យ។ និយាយឱ្យសាមញ្ញ អ្នកអាចបើកម៉ាស៊ីនត្រជាក់បានយូរ ហើយបង់ថ្លៃភ្លើងតិច។

"ក៏ប៉ុន្តែ ម៉ាស៊ីនត្រជាក់ចាស់របស់ខ្ញុំនៅដើរល្អតើ ហេតុអ្វីបានជាខ្ញុំត្រូវប្ដូរវា?”

តាមពិតទៅអ្នកត្រូវគិតអំពីអត្ថប្រយោជន៌ រយៈពេលវែង (យ៉ាងហោចណាស់ក៏សម្រាប់ការទិញលើកក្រោយដែរ)៖
• ការសន្សំសំចៃថវិកា៖ ស្តាប់មើលទៅដូចជាល្អណាស់ ប៉ុន្តែតាមពិតទៅម៉ាស៊ីនត្រជាក់កាន់តែថ្មី វាកាន់តែ សន្សំសំចៃ។ អ្នកនឹងមិនភ្ញាក់ផ្អើលទេនៅពេលឃើញវិក្កយប័ត្រភ្លើងប្រចាំខែនោះ។ ទិញថ្មីប្រហែលជាមាន តម្លៃថោកជាងជួសជុលម៉ាស៊ីនត្រជាក់ចាស់បីបួនដងបូកចូលគ្នាទៅទៀត។ តើអ្នកឯកភាពដែរឬទេ?

• ធ្វើឱ្យសុខភាពកាន់តែប្រសើរ៖ នៅពេលដែលក្តៅ ហើយសើម បាក់តេរី ដូចជាផ្សិត ចាត់ទុកម៉ាស៊ីន ត្រជាក់ចាស់ៗដូចជា “ផ្ទះ” របស់ពួកវាអញ្ចឹង។ ម៉ាស៊ីនត្រជាក់ចាស់ៗរបស់អ្នកមើលទៅដូចជាគ្មានបង្ក ហានិភ័យអ្វីឡើយ ប៉ុន្តែអ្នកអាចដឹងនៅពេលដែលវាបញ្ចេញខ្យល់។ ម៉ាស៊ីនត្រជាក់ថ្មី ជាទូទៅត្រូវបានបង្កើតឡើងជាមួយនឹងមុខងារច្រោះខ្យល់បានល្អ ដែលជួយកាត់បន្ថយបញ្ហាផ្លូវដង្ហើម។

• មិនពិបាកថែទាំ៖ អ្នកត្រូវការហ្គាសប្រភេទ R-២២ ដើម្បីឱ្យម៉ាស៊ីត្រជាក់ចាស់ៗដើរ ហើយត្រជាក់ និងដើម្បីថែទាំវា។ ម្ដងទៀត ពិធីសារម៉ុងរ៉េអាល់កំណត់ថាមិនយូរនោះទេ ហ្គាសប្រភេទ នេះនឹងលែងមាននៅលើទីផ្សារទៀតហើយ។ បើនិយាយមួយបែបទៀត ម៉ាស៊ីនត្រជាក់កាន់តែថ្មី កាន់តែល្អ សម្រាប់បរិស្ថាន និងងាយស្រួលរកហ្គាសបញ្ចូលនៅថ្ងៃក្រោយ។ អញ្ចឹងស្ដាប់មើលទៅតើមួយណាល្អជាង?
អត្ថប្រយោជន៍៖ សន្សំសំចៃភ្លើងប្រចាំខែ ងាយស្រួលក្នុងការថែទាំ អាចទុកចិត្តបាន

• របៀបបោះចោលឱ្យបានត្រឹមត្រូវ៖
អ្នកត្រូវពិនិត្យមើលតម្រូវការក្នុងការបោះចោលជាមួយអាជ្ញាធរមូលដ្ឋាន។ អ្នកត្រូវយកម៉ាស៊ីនត្រជាក់ចាស់ៗទៅទីតាំងដែលបានកំណត់នៅក្នុងតំបន់ ឬទាក់ទងទៅក្រុមហ៊ុនដឹកជញ្ជូនសំរាមឱ្យជួយអ្នក។
មិនត្រូវ៖ បោះចោលនៅកន្លែងចាក់សំរាម រុះរើ ឬដោះបំបែកដោយខ្លួនឯង

៣. វ៉ែនតាការពារពន្លឺថ្ងៃក្លែងក្លាយ៖ តើហេតុអ្វីបានជាអ្នកត្រូវចំណាយលុយយ៉ាងច្រើននៅពេលដែលយើងអាចទិញម៉ូតស្រដៀងគ្នាបានក្នុងតម្លៃធូរថ្លៃបាន?
នេះគឺជាមូលហេតុដែលអ្នកមិនគួរពាក់វ៉ែនតាខ្មៅក្លែងក្លាយឡើយ ទោះបីជាវាគឺជាជម្រើសមួយក៏ដោយ។ នៅពេល ដែលភ្នែករបស់អ្នកប៉ះជាមួយនឹងកាំរស្មី UV ពីព្រះអាទិត្យ អ្នកអាចប្រឈមនឹងការស្រវាំងភ្នែក ឬអាចនឹងមានជំងឺភ្នែក។ សូមចងចាំថា អ្នកមានភ្នែកតែមួយគូប៉ុណ្ណោះ! ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ដោយសារតែការ បញ្ចេញនូវសារធាតុបំផ្លាញស្រទាប់អូហ្សូនទៅក្នុងបរិយាកាស ស្រទាប់អូហ្សូនកាន់តែស្ដើងហើយសមត្ថភាពក្នុងការ ស្រូបយកកាំរស្មី UV នេះក៏កាន់តែខ្សោយទៅៗ។ ទោះបីជាអ្នកវិទ្យាសាស្ត្របានអះអាងថា ស្រទាប់អូហ្សូនកំពុងតែត្រូវបានស្ដារឡើងវិញក៏ដោយ ការថែទាំភ្នែកក៏កាន់តែពិបាកទៅៗដែរ។ កាំរស្មី UV អាចបំផ្លាញភ្នែករបស់អ្នកបាន ហើយ វ៉ែនតាខ្មៅដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនគ្មានម៉ាកទាំងនោះ មិនអាចការពារភ្នែករបស់អ្នកបាននោះទេ។

វ៉ែនតាការពារកាំរស្មី UV ត្រូវបានបង្កើតឡើងដើម្បីការពារភ្នែករបស់អ្នកពីកាំរស្មី UV ។ ប៉ុន្តែប្រសិនបើផលិតផល នោះក្លែងក្លាយ វាមិនបានការពារភ្នែកអ្នកពីកាំរស្មី UV បានទេ។ ហេតុអ្វីបានជាអ្នកត្រូវពាក់វា? តាមពិតទៅ អ្នកផលិតវ៉ែនតាដែលមានកេរ្តិ៍ឈ្មោះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាថាវ៉ែនតាទាំងនោះដំណើរការបានល្អ។
បើនិយាយអំពីកាំរស្មី UV តើអ្នកដឹងទេថាកម្មវិធីនៅក្នុងទូរស័ព្ទរបស់អ្នកអាចបង្ហាញពីកាំរស្មី UV បាន? សូមមើល ទាំងអស់គ្នា!
អត្ថប្រយោជន៍៖ ការការពារភ្នែកកាន់តែប្រសើរ

៤.ឡេការពារកម្ដៅថ្ងៃ៖ ប្រហោងអូហ្សូនដែលបានរកឃើញនៅក្នុងទស្សវត្សទី៨០ ពីការពិតអំពីជំងឺមហារីកស្បែកត្រូវបាន លាតត្រដាង និងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល។ ការឈឺចាប់ពីដែលបណ្តាលមកពីការរលាកស្បែក ជំងឺ មហារីកស្បែក ដុះដុំស្បែក មិនមែនធម្មតាដែលយើងអាចលេងសើចបាននោះទេ។ ឡេការពារកម្តៅថ្ងៃត្រូវបានគេ ប្រើចាប់តាំងពីពេលនោះមក។

ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃនៅតែជាការចាំបាច់។ វាគ្រាន់តែមានផលិតផលមួយ ចំនួនដែលអ្នកមិនគួរលាបនៅលើស្បែករបស់អ្នកនោះទេ... នៅពេលដែលទិញឡេការពារកម្តៅថ្ងៃ សូមពិនិត្យមើល លើគ្រឿងផ្សំ ហើយប្រសិនបើអ្នកឃើញគេសរសេរថា "oxybenzone” និង/ឬ "octinoxate” សូមកុំទិញអី។ តាមពិតទៅ មានប្រទេសមួយចំនួនបានហាមឃាត់សារធាតុទាំងនោះរួចទៅហើយ។

ហេតុអ្វី? ដោយសារតែសារធាតុទាំងនោះពិតជាប៉ះពាល់ដល់បរិស្ថាន ដែលបំផ្លាញដល់ DNA និងបំផ្លាញជីវិតសត្វ សមុទ្រ (ហើយបន្ទាប់ពីបរិស្ថានគឺយើងហើយ)។
អត្ថប្រយោជន៍៖ ជួយការពារស្បែក ដែលល្អសម្រាប់បរិស្ថាន និងសមុទ្រ

អត្ថបទដោយ៖ Nanon Issaratarangkul
កែសម្រួលដោយ៖ លី សុធារី