(បរទេស)៖ រដ្ឋាភិបាលឥណ្ឌាបានចោទសួរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ម្តងហើយម្តងទៀតទាក់ទងនឹងការព្រមានអំពីករណីលួចចូល (Hack) នៅលើ iPhone កាលពីឆ្នាំ២០២៣កន្លងទៅ។ ដោយរដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិកលោក Rajeev Chandrasekhar បានសួរ Apple នូវសំណួរចំនួនពីរគឺ ថាតើ iPhone មានសុវត្ថិភាពដែរ ឬ អត់? បើដូច្នេះហេតុអ្វីបានជាមានការជូនដំណឹងដល់សមាជិកបក្សប្រឆាំង? ខណៈដែលការចោទសួរនេះត្រូវបានប្រភពពីរដ្ឋាភិបាលឥណ្ឌាលើកឡើងថា មិនមានចម្លើយណាមួយដែលខាងរដ្ឋាភិបាលពេញចិត្តនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider។

លោក Chandrasekhar បានមានប្រសាសន៍ថា «តាមទស្សនៈរបស់ខ្ញុំគ្មានវេទិកាណាមួយដែលហ៊ានទទួលស្គាល់ថាឧបករណ៍របស់គេគ្មានសុវត្ថិភាព ឬមានភាពងាយរងគ្រោះនៅក្នុងវេទិការរបស់ពួកគេនោះទេ។ ច្បាស់ណាស់ពួកគេនឹងមានទំនោរទៅរកវេទិកាណាមួយផ្សេងទៀត ដើម្បីបដិសេធទៅនឹងភាពងាយរងគ្រោះរបស់ពួកគេ»។ ពោលគឺ ពួកគេនឹងព្យាយាមទម្លាក់កំហុសទៅអ្នកផ្សេង ដើម្បីអាចរួចខ្លួន។

ជាក់ស្តែងលោក Chandrasekhar ក៏បានឱ្យដឹងផងដែរថា «ខាង Apple បានផ្តល់នូវការបំភ្លឺមួយនៅថ្ងៃចោទសួរនោះ ដោយពួកគេបានបញ្ជាក់ថា រឿង Hack នៅលើ iPhone នេះមិនមានជាប់ពាក់ព័ន្ធជាមួយតួអង្គរដ្ឋនោះទេ»។ ខណៈចម្លើយនេះត្រូវបានរដ្ឋាភិបាលឥណ្ឌាគូសបញ្ជាក់ថា វាផ្ទុយទៅការពិតដែលបានកើតឡើង «ប្រសិនបើវាមិនមានជាប់ពាក់ព័ន្ធនឹងតួអង្គរដ្ឋទេ អ៊ីចឹងតើការជូនដំណឹងនេះជាអ្វី?

គួរជម្រាបដែរថា ការព្រមានពីការ Hack នៅលើ iPhone ត្រូវបានផ្ញើដោយពួក Hacker ដែលត្រូវបានគេរកឃើញថា បានគាំទ្រេដោយរដ្ឋទៅកាន់បក្សប្រឆាំង ហើយករណីនេះនឹងមិនត្រូវបានបញ្ចប់នោះទេប្រសិនបើ Apple មិនព្រមបង្ហាញចម្លើយដែលពេញចិត្តដល់រដ្ឋាភិបាលឥណ្ឌា។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌានឹងកោះហៅអ្នកជំនាញផ្នែកសន្តិសុខរបស់ Apple ទៅស្រាយបំភ្លឺបន្ថែមទៀតនៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវដេលី ដោយតម្រូវឱ្យមានការពន្យល់ឱ្យបានក្បោះក្បាយ និងលម្អិតអំពីបញ្ហាដែលបានកើតឡើង៕