(បរទេស)៖ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សស្ទើតែជុំវិញពិភពលោកកំពុងបញ្ឈប់បុគ្គលិករាប់រយ រាប់ពាន់នាក់ដើម្បីកាត់បន្ថយចំណាយក្នុងក្រុមហ៊ុន ទីបំផុតរកឃើញក្រុមហ៊ុនដែលអាចតស៊ូនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកបានហើយ។ ដោយពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនដ៏ធំមួយដែលមានឈ្មោះថា Xpeng បានប្រកាសថា ខ្លួននឹងធ្វើការជ្រើសរើសបុគ្គលិករហូតដល់ទៅ ៤,០០០នាក់ឯណោះ ចូលធ្វើការផ្នែកបញ្ញាសិប្បនិម្មិត្ត (AI) ដែលជាវិស័យលេចធ្លោជាងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ផ្អែកតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ចំនួនបុគ្គលិករបស់ Xpeng បច្ចុប្បន្ននេះមានចំនួនសរុប ១៥,៨២៩នាក់ជាចំនួនគិតចាប់តាំងពីចុងឆ្នាំ២០២២ ខណៈការប្រកាសជ្រើសរើសបុគ្គលិកបន្ថែមនេះគឺ តំណាងឱ្យការកើនឡើងប្រមាណ ២៥ភាគរយនៃបុគ្គលិកបច្ចុប្បន្នបន្ថែមទៀត។ ការពង្រីកនេះត្រូវបានប្រកាសនៅក្នុងលិខិតរបស់នាយកប្រតិបត្តិលោក He Xiaopeng ទៅកាន់បុគ្គលិកកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃធ្វើការដំបូងបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។

បន្ថែមពីនេះ Xpeng បានឱ្យដឹងថា ខ្លួននឹងវិនិយោគប្រមាណ ៣.៥ពាន់លានយន់ (ស្មើនឹង ៤៨៦.៣៦លានដុល្លារ) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI សម្រាប់មុខងារបើកបរឆ្លាតវៃនៅក្នុងរថយន្ត។ មិនត្រឹមប៉ុណ្ណោះយ៉ាងយូរត្រឹមតែរយៈពេល ៣ឆ្នាំខាងមុខនេះ ខ្លួននឹងបញ្ចេញផលិតផលថ្មីប្រហែល ៣០ម៉ូដែលឯណោះដែលភ្ជាប់មកជាមួយនឹងមុខងារ AI នេះបើតាមការប្រកាសរបស់ Xpeng។

យ៉ាងណាមិញតាមរយៈលិខិតទៅកាន់បុគ្គលិក លោក He Xiaopeng បានមានប្រសាសន៍ថា «ប្រឈមមុខនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដ៏លំបាក ដៃគូអាជីវកម្មជាច្រើនកំពុងដកថយ ហើយភ័យខ្លាចក្នុងការវិនិយោគ។ ខ្ញុំគិតថានេះ គឺជាឱកាសសម្រាប់ការអភិវឌ្ឍន៍របស់យើង» លោកបានបន្តទៀតថា ឆ្នាំ២០២៤ ជាឆ្នាំដំបូង ហើយក៏ជាជុំចុងក្រោយផងដែរ សម្រាប់ផលប៉ះពាល់ទៅលើក្រុមហ៊ុនផលិតរថយន្តរបស់ចិន។ «នៅឆ្នាំ ២០២៤យើងនឹងរួមគ្នារារាំងនិន្នាការដ៏លំបាកនេះ ហើយនឹងចាប់ផ្តើមធ្វើឱ្យមានផលវិជ្ជមានឡើងវិញ ដោយលោករំពឹងថា ភាពល្អប្រសើរនឹងមកដល់ក្នុងត្រីមាសទី ៤ ឬមុននេះ»

គួរជម្រាបដែរថា ផែនការពង្រីករបស់ Xpeng គឺផ្ទុយពីគូប្រជែង ដែលកំពុងប្រកួតប្រជែងដើម្បីកាត់បន្ថយការចំណាយ។ គិតមកដល់ពេលនេះ តម្រូវការនៅតែបន្តធ្លាក់ចុះនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក បើទោះបីជាមានការបញ្ចុះតម្លៃជាថ្មីដែលដឹកនាំដោយ Tesla ក៏ដោយ៕