(ម៉ាណាម៉ា)៖ បារ៉ែន បានតែងតាំងបុរសសញ្ជាតិក្រូអាត Dragan Talajic ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់បារ៉ែន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

បុរសវ័យ ៥៨ឆ្នាំ អតីតអ្នកចាំទីធ្លាប់មានបទពិសោធន៍ជាអ្នកចាត់ការ នៅតាមបណ្តាក្លិបជាច្រើន នៅតំបន់មជ្ឈិមបូព៌ា ហើយលោកនឹងធ្វើដំណើរទៅដល់ទីក្រុង Manama របស់បារ៉ែនក្នុងសប្តាហ៍នេះ។ នេះបើតាមការបន្ថែមពីសហព័ន្ធ ដោយមិនបានផ្តល់ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងកិច្ចសន្យារបស់លោកឡើយ។

បារ៉ែន បានធ្លាក់ចេញពីព្រឹត្តិការណ៍ Asian Cup ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដោយចាញ់ ៣-១ ក្នុងពេលប៉ះជប៉ុន កាលពីថ្ងៃទី៣១ ខែមករា ហើយកាលពីសប្តាហ៍មុន បានបញ្ចប់កិច្ចសន្យារបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Juan Antonio Pizzi ដោយការព្រមព្រៀងទាំងសងខាង។

បារ៉ែន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងពូល H នៃការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដោយមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួត។ ពួកគេមាន ៣ពិន្ទុ តាមពីក្រោយក្រុមនាំមុខសហព័ន្ធអារ៉ាប់រួម ដែលបានយកឈ្នះពួកគេ ២-០ កាលពីខែវិច្ឆិកា។

បារ៉ែន នឹងធ្វើដំណើរទៅជួបនេប៉ាល់ ក្នុងការប្រកួតជម្រុះបន្ទាប់របស់ពួកគេ នៅថ្ងៃទី២១ ខែមីនាខាមុខ មុនពេលប៉ះគ្នាជើងទី២ រយៈពេល ៥ថ្ងៃបន្ទាប់៕