(អាប៊ីចាន់)៖ កូតឌីវ័រ បានតែងតាំងលោក Emerse Fae ជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ពួកគេ បន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិ ដណ្តើមបានពានរង្វាន់ Africa Cup of Nations កាលពីដើមខែនេះ។ នេះបើយោងតាមសម្តីប្រធានសហព័ន្ធបាល់ទាត់កូតឌីវ័រ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

Fae វ័យ ៤០ឆ្នាំ បានធ្វើជាជំនួយការគ្រូបង្វឹកនៅពេលដែលព្រឹត្តិការណ៍ Africa Cup of Nations ធ្វើឡើងនៅប្រទេសកូតឌីវ័រ ចាប់ផ្តើមកាលពីខែមុន ប៉ុន្តែត្រូវបានប្រគល់តួនាទីឱ្យដឹកនាំក្រុម បន្ទាប់ពីអតីតគ្រូបង្វឹកសញ្ជាតិបារាំង Jean Louis Gasset ត្រូវបានបណ្តេញចេញពីតំណែង នៅពេលដែលក្រុមជម្រើសជាតិកូតឌីវ័រ ចាញ់ ២ប្រកួត ក្នុងចំណោម ៣ប្រកួតនៅក្នុងពូលរបស់ពួកគេ។

«Emerse Fae ធ្លាប់ទទួលតួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ន។ ឥឡូវនេះគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៍»។ នេះបើតាមប្រធានសហព័ន្ធបាល់ទាត់កូតឌីវ័រ លោក Idriss Diallo លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Abidjan។

​បទពិសោធន៍ជាគ្រូបង្វឹករបស់ Fae គឺជាគ្រូបង្វឹកនៅក្រុមយុវជនរបស់ក្លិបបារាំង Nice និងគ្រូបង្វឹកនៅក្លិប Clermont Foot។

ការចាប់កំណើតនៅបារាំង អតីតកីឡាករអន្តរជាតិកូតឌីវ័ររូបនេះ ធ្លាប់លេងឱ្យក្រុមជម្រើសជាតិចំនួន ៣លើក នៅឯព្រឹត្តិការណ៍ Cup of Nations និងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់។

សូមជម្រាបថា ការទទួលបន្ទុកដឹកនាំដំបូងរបស់លោក ក្នុងនាមជាគ្រូបង្វឹក គឺជាការប្រកួតមិត្តភាព នៅខែមីនាខាងមុខ ដែលមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយ ហើយក្រោយមក គឺជាការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ទល់នឹងក្រុមហ្គាបុង និងកេនយ៉ា នៅខែមិថុនាខាងមុខ៕