(ភ្នំពេញ)៖ ស្ថាប័នវិភាគទិន្នន័យ Canalys បានបង្ហាញថា Apple បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលលក់ដាច់បំផុតនៅអឺរ៉ុបក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំ ២០២៣។ ភាពជោគជ័យរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ត្រូវបានជំរុញដោយតម្រូវការយ៉ាងខ្លាំងនៃ iPhone 15 Pro និង 15 Pro Max ក្នុងអំឡុងពេលឈប់សម្រាកវិស្សមកាលចុងឆ្នាំ ប៉ុន្តែ Samsung បានរក្សាតំណែងកំពូលសម្រាប់ឆ្នាំ២០២៣ ទាំងមូល។

ទីផ្សារទាំងមូលបានបង្ហាញថា ការនាំចេញស្មាតហ្វូនមានចំនួន ១២៩.៨ លានគ្រឿង ពោលគឺទាបជាង ៨% ធៀបនឹង ១៤០.៨ លានគ្រឿងក្នុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ Canalys បានព្យាករណ៍ថាអឺរ៉ុបនឹងឃើញកំណើនតែមួយខ្ទង់នៅឆ្នាំក្រោយ ដែលជំរុញដោយការទិញទូរស័ព្ទថ្មីនាពេលខាងមុខ។

ស្មាតហ្វូនដែលមានតម្លៃខ្ពស់បានកាន់កាប់ចំណែកទីផ្សារអឺរ៉ុបទាំងមូលនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣។ យោងតាមលោក Runar Bjorhovde អ្នកវិភាគនៅ Canalys បានបញ្ជាក់ថា ស្ទើរតែ ៤០% នៃការនាំចេញទាំងអស់គឺជាទូរស័ព្ទមានតម្លៃជាង ៨០០ដុល្លារអាមេរិកហើយក្នុងចំណោមស្មាតហ្វូន ៣ភាគ ៤ គឺ iPhone។

ក្រុមហ៊ុន Apple បានរក្សាចំនួននៃការនាំចេញស្ទើរតែទាំងស្រុងក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៣ ខណ:ដែលក្រុមហ៊ុន Samsung និង Xiaomi បានធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឲ្យឱ្យក្រុមហ៊ុនអាមេរិកមួយនេះឡើងលើកំពូល។

អ្នកវិភាគបានលើកឡើងថា សម្រាប់ឆ្នាំ២០២៤នេះ គឺជាពេលវេលាដែលក្រុមហ៊ុនផលិតស្មាតហ្វូនត្រូវប្រកួតប្រជែងគ្នាទៅលើបច្ចេកវិទ្យា AI ខណ:ដែលថ្មីៗនេះមានក្រុមហ៊ុនមួយចំនួនបានប្រកាសបង្ហាញពីការរួមបញ្ចូល AI ទៅក្នុងស្មាតហ្វូនរបស់ខ្លួន៕