(សៀមរាប)៖ អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងជួសជុលពង្រឹងតួខ្លោងទ្វារខាងកើតនៃប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ជាមួយនឹងអាយុកាលជាង១០០០ឆ្នាំមកហើយ។

ការជួសជុលនេះផ្តោតលើការងារសំខាន់ៗមួយចំនួន ដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់ និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ពន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។

សូមបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕