(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបើកយុទ្ធនាការថ្មី នៃការប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស ដណ្ដើមពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 នាចុងសប្ដាហ៍នេះ ដោយចេញដំណើរពីមណ្ឌលខេត្តបាត់ដំបងមុនគេ មុនបន្ដការប្រកួតនៅមណ្ឌល ៤ផ្សេងទៀត ដែលមានក្រុមចូលរួមសរុប ៤២ក្រុម ដើម្បីចម្រាញ់ក្រុមខ្លាំងៗប្រចាំមណ្ឌលនីមួយៗ ឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតនាល្ងាចថ្ងៃទី២០ ខែកុម្ភៈថា នេះគឺជាប្រវត្តិសាស្ដ្រថ្មីមួយទៀត ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការរុញបាល់ទះដល់ភូមិឋានរបស់ប្រជាពលរដ្ឋ និងផ្ដល់ឱកាសដល់អ្នកសេ្នហាវិស័យកីឡានេះ ពិសេសកីឡាករដែលមានសមត្ថភាព និងទេពកោសល្យ ដើម្បីមានឱកាសជាប់ជម្រើសជាតិ។

លោកថា «ពីមុនព្រឹត្តិការណ៍កីឡា គឺនាំគ្នាមកប្រមូលផ្ដុំនៅភ្នំពេញ តែបច្ចុប្បន្នក្រោមការដាក់ទុនរបស់ក្រុមហ៊ុនដៃគូ យើងបានបង្កៀកវិស័យកីឡាបាល់ទះ ទៅដល់ភូមិឋានរបស់ប្រជាពលរដ្ឋ ដល់ភូមិឋានអត្តពលិក ទៅដល់ភូមិឋានអ្នកស្រលាញ់កីឡាបាល់ទះ ខុសពីមុន យើងមានសមត្ថភាព ទេពកោសល្យ តែខ្វះលទ្ធភាពក្នុងការបង្ហាញខ្លួនលើទីលាន ដើម្បីធ្វើឲ្យបណ្ដាក្លិបទាំងអស់ចាប់អារម្មណ៍ និងទាញយកមកប្រមូលផ្ដុំ»

នេះគឺជាទស្សនៈវិស័យមួយទៀតរបស់ថ្នាក់ដឹកនាំសហព័ន្ធ ទោះបីការប្រកួត ៤ស្មើ ពុំមានក្នុងក្បួនច្បាប់អន្ដរជាតិ តែគឺជាឱកាសដើម្បីបញ្ជ្រាប និងពង្រឹងការលេងបាល់ទះស្ដង់ដារដល់ស្រទាប់មហាជន ហើយឈានទៅរកការលុបបំបាត់ទម្លាប់អាក្រក់នៃការលេងបាល់ទះក្រៅប្រព័ន្ធមួយចំនួន ដែលច្រើនលេងបាល់ជាប់ (ចាប់បោះ) ជាដើម។ លើសពីនេះ ក៏ជាឱកាសស្វែងរកធនធានកីឡាករល្អ ចូលរួមក្នុងក្រុមជម្រើសជាតិផងដែរ។

អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «គោលបំណងធំនៃការរៀបចំពានរង្វាន់បាល់ទះ ៤x៤ នេះ ទី១-រុញវិញ្ញាសាបាល់ទះដល់ភូមិឋានរបស់ប្រជាពលរដ្ឋ ទី២-កែតម្រូវអ្នកលេងក្រៅប្រព័ន្ធ ឲ្យលេងស្ដង់ដារក្នុងប្រព័ន្ធវិញ និងទី៣-សហព័ន្ធក៏នឹងស្វែងរកយុវជនបន្ដវេន អ្នកដែលមានកាយសម្បទាល្អប្រសើរ មានសមត្ថភាព យកមកច្នៃ ឲ្យក្លាយជាកីឡាករបន្ដវេន និងលេងតំណាងប្រទេសជាតិបាននាថ្ងៃអនាគត»

គួរដឹងថា ពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 បែងចែកការប្រកួតជម្រុះចំនួន ៥មណ្ឌល។ ចំពោះកម្មវិធីប្រកួតតាមមណ្ឌលនីមួយៗរួមមាន៖

- មណ្ឌលខេត្តបាត់ដំបង៖ ប្រកួតពីថ្ងៃទី២៤-២៦ ខែកុម្ភៈ មានក្រុមចូលរួមមកពីខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និងខេត្តបន្ទាយមានជ័យ
- មណ្ឌលខេត្តសៀមរាប៖ ប្រកួតថ្ងៃទី០២-០៣ ខែមីនា មានក្រុមចូលរួមមកពីខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងខេត្តព្រះវិហារ
- មណ្ឌលខេត្តកំពង់ចាម៖ ប្រកួតពីថ្ងៃទី០៩-១០ ខែមីនា មានក្រុមចូលរួមមកពីខេត្តកំពង់ចាម ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ
- មណ្ឌលខេត្តព្រៃវែង៖ ប្រកួតថ្ងៃទី១៦-១៧ ខែមីនា មានក្រុមចូលរួមមកពីខេត្តព្រៃវែង កណ្ដាល និងបណ្ដាក្រុមនៅជុំវិញខេត្តព្រៃវែង
- មណ្ឌលខេត្តព្រះសីហនុ ប្រកួតថ្ងៃទី២៣-២៤ ខែមីនា មានក្រុមចូលរួមមកពីខេត្តព្រះសីហនុ កំពង់ស្ពឺ កែប កំពត និងខេត្តកោះកុងជាដើម។

ក្រោយបញ្ចប់ការប្រកួតតាមមណ្ឌលនីមួយៗ ក្រុមជយលាភីលេខ១ និងលេខ២ នឹងទទួលបានកៅអីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅមណ្ឌលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-២៨ ខែមេសា ឆ្នាំ២០២៤ ជាមួយបេក្ខភាព ៦ក្រុមផ្សេងទៀត ដែលជាប់លេខ១ ដល់លេខ៦ នៃពានតេជោលីគ កាលពីថ្មីៗ ដើម្បីប្រជែងជើងឯក អមប្រាក់រង្វាន់ ៥០លានរៀល។ ចំពោះក្រុមជើងឯកប្រចាំមណ្ឌលនីមួយៗ គឺទទួលបានប្រាក់រង្វាន់ ១១លានរៀល។ សម្រាប់ក្រុមចូលរួមប្រកួតជម្រុះតាមមណ្ឌលទាំង ៤២ក្រុម ក៏ទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធ ១លានរៀលដូចៗគ្នាផងដែរ៕