(ប៉ារីស)៖ ប្រធានក្រុមមាន់គកបារាំង Kylian Mbappe បានព្រមព្រៀងក្នុងការផ្ទេរទៅកាន់ក្លិបអេស្ប៉ាញ Real Madrid មែនទែនហើយ ក្រោយចប់កិច្ចសន្យាចាស់ជាមួយ Paris St-Germain នាអំឡុងខែមិថុនា ឆ្នាំ២០២៤។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានបញ្ជាក់ថា កីឡាករអន្តរជាតិបារាំង វ័យ ២៥ឆ្នាំខាងលើនេះ បានព្រមព្រៀងជាផ្លូវការហើយ ក្នុងការផ្លាស់ទៅកាន់ក្លិបអធិរាជស Real Madrid បើទោះបីជាកិច្ចសន្យាមិនទាន់ធ្វើឡើងជាផ្លូវការក៏ដោយ ដែលត្រៀមនឹងប្រកាសនាពេលសមស្របណាមួយជាមួយនឹងក្លិបម្ចាស់ជើងឯកពានអឺរ៉ុប UEFA Champions League ច្រើនជាងគេ។

Mbappe តារា World Cup ឆ្នាំ២០១៨ ជាមួយជម្រើសជាតិបារាំង បច្ចុប្បន្នជាម្ចាស់កំណត់ត្រា Top scorer ចំនួន ២៤៤គ្រាប់សម្រាប់ក្លិប PSG មានបំណងឈ្នះពាន UCL ក្នុងអាជីពលើវាលស្មៅរបស់លោក ដោយនៅថ្ងៃទី១៣ ខែកុម្ភៈ មុនពេលហ្វឹកហាត់ លោកបានជួយប្រធានក្លិប PSG គឺលោក Nasser Al-Khelaifi អំពីបំណងចាកចេញ ដើម្បីទៅចូលរួមជាមួយ Real រួចរាល់ហើយដែរ។

នៅទីនោះ Mbappe ត្រូវបានគេព្យាករណ៍ថា នឹងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយទទួលបានថ្លៃនឿយហត់ប្រមាណ ១៥លានអឺរ៉ូ ក្នុង ១រដូវកាលផងដែរ៕