(អាំស្ទើដាំ)៖ ខ្សែប្រយុទ្ធ Luuk de Jong ស៊ុតបាន ១គ្រាប់ដោយបាល់ ១១ម៉ែត្រ ក្នុងការជួយក្រុមម្ចាស់ផ្ទះ PSV Eindhoven របស់ហូឡង់តាមស្មើ ១-១ ទល់នឹងក្រុមមកពីអាល្លឺម៉ង់ Borussia Dortmund នាយប់មិញនេះសម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានអឺរ៉ុប UEFA Champions League 2023-2024។

១គ្រាប់ដ៏មានន័យដែលបានកើតឡើងនៅនាទី៥៦ នោះដែរ គឺញាំងឱ្យកីឡាករអន្តរជាតិហូឡង់ខាងលើនេះរកបាន ៩គ្រាប់ វ៉ាកំណត់ត្រារបស់មិត្តរួមជាតិ Ruud van Nistelrooy ក្នុងនាមអ្នកស៊ុតច្រើនគ្រាប់ជាមួយ PSV ក្នុងប្រវត្តិសាស្រ្ត UCL។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

វាបានកើតឡើង ត្រឹមចាប់ផ្តើមលេងវគ្គទី២ តែជាង ១០នាទីប៉ុណ្ណោះ នៅពេលខ្សែការពារ Mats Hummels បានបង្កកំហុសទៅលើកីឡាករ Malik Tillman ក្នុងប្រអប់គ្រោះ ដែលធ្វើឱ្យបាល់ប៉េណាល់ទីកើតមានឡើង នៅក្រោយពេល Donyell Malen ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមភ្ញៀវតាំងពីវគ្គទី១ មកម្ល៉េះ។

ការប្រកួតក្នុងជើងទី២ ក្នុងផ្ទះរបស់ Dortmund វិញនឹងធ្វើឡើងនារាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គ្រាដែល PSV បានសំលឹងរកការឈ្នះពាន Champions League រដូវកាលនេះ និងលើកដំបូងផងដែរ ក្នុងនាមជាក្រុមបានឆ្លងផុតវគ្គ សន្សំពិន្ទុក្នុងពូល គិតចាប់តាំងពីរដូវកាលឆ្នាំ២០២១៥-២០១៦ មក។ ក្រុមមួយនេះបានបង្កើនកំណត់ត្រាលេងមិនចាញ់ក្នុងដីមានដល់ទៅ ៣១ប្រកួតហើយ៕