(បរទេស)៖ កំពូលមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk បានចែករំលែកដំណឹងថ្មីមកថា អ្នកជំងឺដំបូងដែលត្រូវបានផ្សាំខួរក្បាលជាមួយនឹងបន្ទះឈីបពីក្រុមហ៊ុន Neuralink ឥឡូវនេះបានជាសះស្បើយទាំងស្រុងហើយ ហើយថែមទាំងអាចបញ្ជា Mouse នៅលើកុំព្យូទ័របានថែមទៀតផង ដោយប្រើការគិតរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

Musk បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ផ្ទាល់ខ្លួនរបស់លោកដោយលើកឡើងថា «វឌ្ឍភាពគឺល្អ ដោយអ្នកជំងឺដំបូងបង្អស់របស់យើងបានជាសះស្បើយស្ទើតែ ១០០ភាគរយ ជាមួយដំណើរការសសៃប្រសាទរបស់គេវិលមកសភាពធម្មតា។ អ្វីដែលពិសេសនោះគឺ អ្នកជំងឺអាចបញ្ជា Mouse បានដោយគ្រាន់តែគិត នឹងមិនចាំបាច់ប្រើដៃផ្ទាល់ទៅបញ្ជានោះទេ»

លោកបានគូសបញ្ជាក់បន្ថែមថា Neuralinks ឥឡូវនេះកំពុងសិក្សាបន្ថែមដើម្បីអាចឱ្យអ្នកជំងឺអាចចុច Click ទៅលើ Button ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ តាមការលើកឡើងនេះ ត្រូវបានគេសង្ស័យថា ទំនងជាអ្នកប្រើប្រាស់គ្រាន់តែអាចបញ្ជា និងនៅមិនទាន់អាចប្រើប្រាស់ Mouse បានទាំងស្រុងដូចការប្រើប្រាស់របស់មនុស្សទូទៅនៅឡើយនោះទេ ខណៈចំណុចនេះលោក Musk មិនបានធ្វើការបញ្ជក់លម្អិត។

គួរជម្រាបដែរថា Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កំពូលមហាសេដ្ឋីលោក Elon Musk និងត្រូវបានបង្កើតឡើងក្នុងគោលដៅស្រាវជ្រាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សដើម្បីអាចព្យាបាលជម្ងឺជាច្រើនប្រភេទរួមមាន ខ្វិន, ពិការភ្នែក, បាត់បង់ការចងចាំ, អូទីស្សឹម, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺវិកលចរិក, ជំងឺសសៃប្រសាទ និងជំងឺជាច្រើនប្រភេទទៀត អាចវិលមករកសភាពដូចមនុស្សធម្មតាវិញ៕