(បរទេស)៖ មិនខុសពីរាល់ឆ្នាំទេ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple តែងតែប្រកាសបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនត្រកូល iPhone ជារៀងរាល់ឆ្នាំ នៅអំឡុងខែកញ្ញា។ តែយ៉ាងណា ក្នុងឆ្នាំ២០២៤នេះ iPhone 16 ក៏ត្រូវបានគេរំពឹងថា នឹងលេចវត្តមានមកផងដែរ ខណៈពេលនេះមានពាក្យចចាមអារ៉ាម និងប្រភពនានា បានបញ្ជាក់ថា iPhone 16 មានគំរូឌីហ្សាញ់ជាមួយនឹងការផ្លាស់ប្តូរទាំងស្រុង លើផ្នែកកាមេរ៉ា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន iMore នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមរយៈគំរូរូបភាពលេចធ្លាយចុងក្រោយបង្អស់ពីគណនី Majin Bu គឺបានបង្ហាញពីការផ្លាស់ប្តូរពីការដំឡើងកាមេរ៉ាទាំងស្រុងពីកាមេរ៉ាផ្នែក៣ដូចមុំចង្រ្កាន ទៅជាការដាក់ជាជួរបែបបញ្ឈរ ដែលស្រដៀងគ្នានឹងកាមេរ៉ារបស់ Galaxy S24 Series របស់ Samsung ដែរ។ ការកែប្រៃឌីស្សាញថ្មីនេះ ត្រូវបានគេមើលឃើញថា មិនត្រឹមតែផ្តល់នូវភាពស្រឡះ និងបង្កើននៅសោភ័ណភាពជាងមុនបន្តិច ប៉ុន្តែហាក់បាត់អត្តសញ្ញាណសម្គាល់របស់ទូរស័ព្ទ iPhone ព្រោះថា ការរៀបម៉ូឌុលកាមេរ៉ា iPhone 16 Series ដូចនេះ វាមានភាពស្រដៀងគ្នាខ្លាំងមែនទែនទៅនឹងការរចនារបស់កាមេរ៉ាស្មាតហ្វូន Android បច្ចុប្បន្នជាពិសេសស្មាតហ្វូន Galaxy S-Series ជំនាន់ថ្មីរបស់ Samsung មែនទែន។

បើតាមប្រភពដែលបានទម្លាយរូបភាពបានបង្ហាញថា iPhone 16 Series គឺមានរហូតដល់ទៅជំនួន 5 ម៉ូដែលមានដូចជា iPhone 16 SE, iPhone 16 Plus SE, iPhone 16, iPhone 16 Pro និង iPhone 16 Pro Max ខណៈការ បន្ថែមម៉ូដែល iPhone SE ចូលក្នុងស្រឡាយ iPhone 16 Series គឺនឹងជួយឲ្យ Apple បង្កើនជម្រើសសម្រាប់អ្នកប្រើប្រាស់ទៅតាមតម្លៃផ្សេងៗគ្នា។

គួរជម្រាបថា ក្រុមហ៊ុន Apple បានរក្សាការរចនា iPhone ដដែលអស់រយៈពេលជាច្រើនឆ្នាំដោយគ្មានការធ្វើឱ្យទាន់សម័យគួរឱ្យកត់សម្គាល់ និងការមិនពេញចិត្តក្នុងចំណោមអ្នកប្រើប្រាស់ទាក់ទងនឹងការរក្សារូបរាងស្រដៀងគ្នាជាច្រើនឆ្នាំនៃទូរស័ព្ទ iPhone ហើយពេលនេះហាក់មានការផ្លាស់ប្តូរផ្នែកកាមេរ៉ាទាំងស្រុង ដែលធ្វើឲ្យវាហាក់ប្លែកម្យ៉ាងសម្រាប់អ្នកប្រើប្រាស់។ យ៉ាងណាមិញ នេះគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ ដូចនេះចំពោះអារម្មណ៍របស់អ្នក តើយល់យ៉ាងណាដែរប្រសិនបើ iPhone 16 Series ពិតជាមានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីដូចនេះ?