(ភ្នំពេញ)៖ បន្ទាប់ពីអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈភ្លាមៗ, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឲ្យឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ដើម្បីដឹកនាំសមាគមមួយនេះបន្តពីអ្នកនាង ចន ច័ន្ទលក្ខិណា។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ គេសង្កេតឃើញអ្នកសិល្បៈដែលជាសមាជិកសមាគម បានសម្ដែងនូវការគាំទ្រភ្លូកទឹកភ្លូកដី ចំពោះបេក្ខភាពរបស់អ្នកឧកញ៉ា ស្រីតូច ចំណាន។

លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាល របស់សមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ Fres News ថា លោកសូមគោរពគាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងបេក្ខភាពលោកស្រី ស្រីតូច ចំណាន ដែលជាអតីតសិល្បការិនីដ៏មានប្រជាប្រិយភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តដឹកនាំ និងជួយផ្នែកហិរញ្ញវត្ថុសម្រាប់សមាគមសិល្បករខ្មែរ។

ដោយឡែកប្រធានសមាគមសិល្បករខ្មែរអាណត្តិចាស់ គឺអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពរបស់អ្នកឧកញ៉ា ស្រីតូច ចំណាន ធ្វើជាប្រធានសមាគមសិល្បករខ្មែរ ព្រោះលោកស្រីមានគុណសម្បត្តិល្អទាំងព្រម និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឲ្យសមាគមមានភាពរីកចម្រើនទៅថ្ងៃអនាគត។ អ្នកនាង ចន ច័ន្ទលក្ខិណា និយាយថា «កូនសូមគាំទ្រយ៉ាងពេញបេះដូងសម្តេចពុក, លោកជំទាវមានគុណសម្បត្តិទាំងព្រមក្នុងតួនាទីមួយនេះ»

ចំណែកតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព ក៏បានបង្ហាញការគាំទ្រជាសាធារណៈ ចំពោះបេក្ខភាពលោកស្រី ស្រីតូច ចំណាន ធ្វើជាប្រធានសមាគម។ លោកបញ្ជាក់ថា «ខ្ញុំសូមគាំទ្រ១០០% ដល់លោកជំទាវ ស្រីតូច ចំណាន ដែលជាបេក្ខភាពថ្មី សម្រាប់តំណែងប្រធានសមាគមសិល្បៈខ្មែរ»

តារាកំប្លែងល្បីឈ្មោះនាយ ពាក់មី ក៏បានប្រកាសគាំទ្រអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ធ្វើជាប្រធានសមាគមសិល្បករខ្មែរ ដោយលោកលើកឡើងថា «ខ្ញុំគាំទ្រ, បោះឆ្នោតដឹងតែជាប់ហើយ​
ទី១, គាត់ (អ្នកឧកញ៉ា ម៉ៅ ចំណាន) ក៏ធ្លាប់ជាអ្នកសិល្ប:ដែរ,ទី២,​ មានលទ្ធភាពអាចរកថវិកា​ ជួយសិល្បៈដែលចាស់ជរាខ្វះខាតបាន, ទី៣ មិនមានរឿងអាស្រូវ​ មានតែរឿងល្អៗ​ នឹងមានប្រជាជនស្រលាញ់ច្រើន និងទី៤​ មានទូរទស្សន៍​ អាចបង្កើតកម្មវិធី​ឲ្យសិល្ប:ចូលរួមបាន..!»

តារាសម្ដែងល្បីឈ្មោះកញ្ញា នី មុនីនាថ ក៏បានប្រកាសជាសាធារណៈថា «ក្នុងនាមខ្ញុំជាសិល្បការិនីសម្ដែង និងជាប្រធានមូលនិធិឈាម នី មុនីនាថ សូមសម្ដែងនូវការគាំទ្រចំពោះបេក្ខភាពរបស់លោកជំទាវ ម៉ៅ ចំណាន ជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណិតថ្មី»

ក្រៅពីអ្នកសិល្បៈល្បីៗខាងលើ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មហាជនសង្កេតឃើញអ្នកសិល្បៈជាច្រើន បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពអ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ឲ្យធ្វើជាប្រធានសមាគមនៅអាណត្តិថ្មីនេះ។ អ្នកសិល្បៈទាំងអស់នោះ បានបង្ហាញនូវទស្សនៈខុសៗគ្នា ចំពោះវត្តមានមកកាន់ជាប្រធានសមាគមសិល្បករខ្មែរ របស់អ្នកឧកញ៉ា ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ហើយអ្វីដែលជាក្ដីរំពឹង និងជាក្ដីសង្ឃឹមរបស់អ្នកសិល្បៈជាសមាជិក គឺភាពរីកចម្រើនរបស់សមាគម និងការដោះស្រាយបញ្ហានានារបស់អ្នកសិល្បៈ ដែលកំពុងជួបប្រទះ។

មុននឹងចាកចេញពីប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងថា រូបនាង ក៏ដូចជាសិល្បករ-សិល្បការិនី ពិតជាមានសេចក្ដីរំភើបរីករាយណាស់ ដែលមានសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខយើងរបស់ទាំងអស់គ្នារហូតមក ដោយបានជួយជ្រោមជ្រែងតាមគ្រប់មធ្យោបាយទាំងថវិកា និងស្មារតី ដើម្បីចូលរួមចំណែកគាំពារដល់សិល្បករ-សិល្បការិនី ជាពិសេសសិល្បករ-សិល្បការិនីចាស់ជរា បាត់បង់សមត្ថភាព បាត់បង់ចំណូល ហើយខ្វះខាតក្នុងជីវភាព។

អ្នកនាង ចន ច័ន្ទលក្ខិណា និយាយថា «យើងខ្ញុំទាំងអស់គ្នា ជាសិល្បករពិតជាមានភាពកក់ក្ដៅយ៉ាងក្រៃលែង និងសូមគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន ចំពោះសម្ដេចទាំងទ្វេ និងសូមបួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាសម្ដេចពុក សម្ដេចម៉ែ សូមមានសុខភាពល្អបរិបូរណ៍បន្តជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក៏ដូចជាយើងខ្ញុំជាសិល្បករផងដែរ»