(សៀមរាប)៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្មចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថាជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព បានឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះបំណែកមួយចំនួនទៀតអាចជាដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។

បុរាណវិទូរូបនេះបានបន្តទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕