(ប៊ែកឡាំង)៖ ក្លិបខ្លារខិន Bayern Munich បានសម្រេចចិត្តក្នុងការបញ្ចប់កិច្ចសហការជាមួយគ្រូបង្វឹក Thomas Tuchel នៅពេលចប់រដូវកាលនេះ បបើទោះបីជាកិច្ចសន្យាចាស់មានសុពលភាពរហូតដល់ឆ្នាំ២០២៥ ក្តី។ នេះបើតាមក្លិបបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

Bayern បានចាញ់ ៣ប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងការប្រកួតទាំងអស់, ក្នុងនោះរួមទាំងការចាញ់ ៣-០ ក្រោមថ្វីជើងក្រុមនាំមុខក្នុងលីគ Bayer Laverkusen ហើយក្លិបមាន ៨ពិន្ទុ តាមពីក្រោយក្រុមនាំមុខនៅលីគ Bundesliga ផងដែរ។

លោក Tuchel បានចូលកាន់តំណែង កាលពីខែមីនា ឆ្នាំ២០២៣ ស្នងតំណែងពីលោក Julian Nagelsmann ជាមួយនឹងការរំពឹងទុកខ្ពស់ ប៉ុន្តែលោកបានទទួលរងនូវការចាប់ផ្តើមដ៏លំបាក ដោយបានធ្លាក់ចេញពីពានរង្វាន់ German Cup និង Champions League មុនពេលដណ្តើមបានពានរង្វាន់ Bundesliga ពីក្លិប Borussia Dortmund នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។

នាយកប្រតិបត្តិក្លិប ​Bayern លោក Jan-Christian Dreesen បានលើកឡើងថា នឹងមានគោលដៅថ្មីនៅរដូវកាលក្រោយ ជាមួយនឹងគ្រូបង្វឹកថ្មី។

សូមជម្រាបថា Bayern ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងលីគ Bundesliga ដោយមាន ៥០ពិន្ទុនោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ RB Leipzig នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕