(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣ក្រុមហើយ ដោយមានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបបឹងកេត ខណៈវិសាខា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ នាថ្ងៃទី២៨ ខែកុម្ភៈខាងមុខ។

សម្រាប់ព្រះខ័នរាជ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានបន្ដយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-០ ក្នុងជំនួបជើងទី២ កាលពីយប់មិញ។ គ្រាប់បាល់ជ័យជម្នះពីជំនួបកាត់សេចក្ដី នៅកីឡដ្ឋានខេត្តស្វាយរៀងនេះ រកបានដោយកីឡាករ សារ៉េត គ្រីយ៉ា និង ណារ៉ុង កក្កដា ម្នាក់ ១គ្រាប់ និងមិត្តរួមក្រុមកីឡាករ ប្រាក់ មុន្នីឧត្តម និង Bounkong Bounphachan ម្នាក់ ២គ្រាប់។ សរុបទាំង ២ជើង ស្វាយរៀង បានយកឈ្នះណាហ្គា ១០-១ បន្ទាប់ពីជើងទី១ ពួកគេឈ្នះក្រៅដី ៤-១។

រីឯក្រុមបឹងកេតបានបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៤-២ ដូចកាលជើងទី១ ដែរ។ ជំនួបជើងទី២ នេះ វគ្គទី១ ក្រុមទាំងពីរ រកបាន ១គ្រាប់ស្មើគ្នា តែចុងវគ្គបឹងកេត បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ ជា វេសលី ក្រោយទទួលពិន័យកាតលឿងលើកទី២ ស្មើនឹងកាតក្រហម។ យ៉ាងណាមិញពួកគេ បានព្យាយាមរហូតរកបាន ៣គ្រាប់បន្ថែមនៅវគ្គទី២ ដោយកីឡាករ ម៉ាត់ នូរុណ ២គ្រាប់ និង Yoshihama Ryohei ១គ្រាប់ ដើម្បីធានាកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ក្រោយសរុបលទ្ធផល ២ជើង បឹងកេតឈ្នះ ISI ដង្កោសែនជ័យ ៨-៤។

ចំណែកក្រុមការពារតំណែងជើងឯកវិសាខា វិញបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាំងត្រដាបត្រដួស បន្ទាប់ពីប្រកួត ២ជើង យកឈ្នះក្រុមសម្បូរដោយធនធានកីឡាករវ័យក្មេង ព្រៃវែងអេហ្វស៊ី ១-០ បន្ទាប់ពីជំនួបជើងទី២ លើកទឹកដីខ្លួនកាលពីរាត្រីថ្ងៃពុធ បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ០-០។ ១គ្រាប់ដែលជួយឲ្យក្រុមជើងឯក ៣សម័យជាប់គ្នាឡើងវគ្គបន្ដនេះ ធ្វើបានសម្រេចដោយកីឡាករ កែន ច័ន្ទសុភ័ក្ដ្រ តាំងពីនាទីទី៣ នៃជំនួបជើងទី១ នៅកីឡដ្ឋានខេត្តព្រៃវែងមកម្ល៉េះ។

តាមរយៈលទ្ធផលខាងលើនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ត្រូវឡើងជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមវិសាខា ត្រូវឈរចាំក្រុមឈ្នះ រវាងភ្នំពេញក្រោន និងគិរីវង់ ដែលត្រូវជួបគ្នាក្នុងជើងទី២ នាសប្ដាហ៍ក្រោយ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះគិរីវង់ក្រៅដី ២-០។ ចំពោះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើការប្រកួត ២ជើងដូចគ្នានាថ្ងៃទី០៦ និងថ្ងៃទី១០ ខែមីនាខាងមុខ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup 2023-2024៕