(បរទេស)៖ កាំភ្លើងធំ Arsenal បានរបូត ១គ្រាប់ចុងម៉ោងនៃការបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ FC Porto សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 នៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

កីឡាករ Galeno ជាអ្នកធ្វើបានគ្រាប់ជ័យជម្នះនៅនាទី៩០+៤ ដើម្បីជាទុនសម្រាប់ក្រុមលេងនៅលីគកំពូលព័រទុយហ្គាល់ Porto មាន ១គ្រាប់ក្នុងដៃ មុនពេលចាប់ផ្តើមលេងជើងទី២ នៅកីឡដ្ឋាន Emirates ប្រទេសអង់គ្លេសនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វិញ។

ក្នុងការប្រកួត ៩០នាទី Arsenal ជាក្រុមដែលបានគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុងមានដល់ទៅ ៦២% ក៏ប៉ុន្តែក្រុមលេងនៅ Premier League មួយនេះពុំមានឱកាសស៊ុតចំគោលដៅម្តងណាឡើយ ក្រៅពីស៊ុតខុសគោលដៅ ៦លើក ដ្បិតម្ចាស់ផ្ទះ Porto វិញមានស្ថិតិស៊ុត ៥លើក និងចំគោលដៅ ២លើកផងដែរ។

ក្នុងការប្រកួតជើងទី២ នាខែក្រោយនេះ កាំភ្លើងធំ Arsenal មានមហិច្ឆតាក្នុងការឈានទៅវគ្គ ៨ក្រុម UCL ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៩-២០១០ មក៕